Ad Code

យុវជន​ថ្នាល​៥​ក្លិប​ក្នុង​លី​គ​កំពូល​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ​មួយ



យ៉ាងហោចណាស់​មាន​ក្រុម​យុវជន​ថ្នាល​របស់​ក្លិប​បាល់ទាត់​ចំនួន​៥​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ចូលរួម​ប្រកួត​បាល់ទាត់​មហាជន​ពានរង្វាន់ KMH Cup U18 រដូវ​កាល​២០១៩ ដែល​រៀបចំឡើង​ដោយ​ទីលាន​បាល់ទាត់​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​ពាក់កណ្ដាល​ខែមករា នេះ​។



ពានរង្វាន់ KMH Cup U18 នេះ​មាន​ក្រុម​ចូលរួម​ចំនួន​៧​ក្រុម ដោយ​ក្នុង​នោះ​មាន​ក្រុម​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក KMH Cup U18 2018, ក្រុម​យុវជន​ភ្នំពេញ​ក្រោ​ន​, ក្រុមយុវជន​ក្លិប​វិសាខា​,​ក្រុម​យុវជន​ក្លិប​បឹងកេត និង​ក្រុម​យុវជន​ក្លិប​អគ្គិសនី​កម្ពុជា ពីលើ​ក្រុម​ពាក់កណ្ដាល​អាជីព Football Coffee និង KMH Academy U18​។



លោក ផុន សិរី​វឌ្ឍនៈ ប្រធាន​គ្រប់គ្រង​ការប្រកួត​បាល់ទាត់​ព្រឹត្តិការណ៍ KMH យល់​ឃើញ​ថា «​ខ្ញុំ​គិតថា​ឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ មានការ​ប្រកួតប្រជែង​ខ្លាំង ដោយសារ​មានការ​ចូលរួម​ពី​ថ្នាល​ក្លិប​អាជីព​ធំៗ​ចំនួន​៥​។ វា​ពិតជា​ខុសប្លែក​ពី​ឆ្នាំមុន​។ ការប្រកួតប្រជែង​លើ​ទីលាន​កាន់តែខ្លាំង នឹង​ទាក់ទាញ​អ្នកទស្សនា​កាន់​តែ​ច្រើន​ទាំង​នៅ​ទីលាន​ផ្ទាល់ និង​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។ ទោះបី​ឆ្នាំ​ហ្នឹង ថយ​មក​សល់​៧​ក្រុម​មែន តែ​ការប្រកួតប្រជែង​ខ្ពស់​ជាង​មុន​»​។



​គួរ​ដឹង​ដែរ​ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នឹង​ធ្វើ​ពិធី​បើក​រដូវ​កាល​ថ្មី​ព្រម​គ្នា​តែម្ដង​សម្រាប់​ពានរង្វាន់ KMH Champion League និង​ពានរង្វាន់​យុវជន KMH Cup U18 ពោល​គឺ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែមករា នាទី​លាន KMH Park ក្នុង​រាជធានី​ភ្នំពេញ​។​តាម​គម្រោង​នៅវេលា​ម៉ោង​៤​ល្ងាច​នឹងមាន​ការប្រកួត​បើកឆាក KMH Cup U18 រវាង​ជើងឯក​ចាស់ ព្រះខ័ន​រាជ​ស្វាយរៀង និង​យុវជន​បឹងកេត​។ ចំណែក​នៅ​ម៉ោង​៦​ល្ងាច ក្រុម​ជើងឯក KMH Champions League គ្រួសារ​ប៊ីចេង ជួប​ជាមួយ Baitong Youth៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu