Ad Code

រយៈពេល​៣​ថ្ងៃ បំបែកសំណុំរឿង ឃាតកម្ម​នៅ​ស្រុក​កណ្ដាល​ស្ទឹង



កណ្ដាល​ ៖ ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កណ្ដាល ប្រើប្រាស់​រយៈពេល​៣​ថ្ងៃ បំបែកសំណុំរឿង​ឃាតកម្ម​គិតទុក​ជាមុន​នៅ​ស្រុក​កណ្ដាលស្ទឹង ​ដោយ​ចាប់​បាន​ជន​ដៃដល់​ជា​ស្ត្រី​ម្នាក់​ ខណៈ​គេចខ្លួន​ទៅ​ពួន​សំងំ​នៅ​ខេត្ត​កំពង់ធំ​។​

ដោយមាន​បញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​កិច្ចសហការ​យ៉ាង​ស្អិតរមូត ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ផង​នោះ កាលពី​យប់​ថ្ងៃទី​១៦ .​មករា​. ២០១៩ ​លោក​ព្រះរាជអាជ្ញា​រង​ខេត្តកណ្តាល ឯក ស៊ុន​រស្មី និង ឧ​.​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត កណ្តាល ​បាន​បញ្ជា​ឲ្យ ឧ​.​ត្រី រឿន​ណា​រា ស្នងការ​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​​​ជំនាញ​ឡើងទៅ​ខេត្តកំពង់ធំ ដោយ​ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ​រយៈពេល​៣​ថ្ងៃ ក្រោយ​ហេតុការណ៍​កើតឡើង នៅ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ចំណុច​ភូមិ ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល ដើម្បី​តាម​ចាប់​ជន​សង្ស័យ ​ដែលជា​ឃាតក​រត់​គេច​ទៅ​កំពង់ធំ​សម្រេច​បាន​ដោយ​ជោគជ័យ​នៅ​ព្រឹក ថ្ងៃទី​១៧​ ខែមករា ​ឆ្នាំ​២០១៩​ ​ ​រួម​ទាំង​វត្ថុតាង​ជាច្រើន។

​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន ឈ្មោះ សុខ ចាន់ថា អាយុ​៣៦​ឆ្នាំ ភេទ​ស្រី មុខរបរ នៅផ្ទះ​មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ចំណុច​ភូមិ​ឃុំ​កើតហេតុ​។ រីឯ​ជនរងគ្រោះ​ ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទ្រព្យសម្បត្តិ​ឈ្មោះ ឈុន ទូ ភេទ​ស្រី អាយុ​៥៦ ឆ្នាំ កម្ពស់ ១៥២ ស​.​ម​. មុខរបរ ចងការ​ប្រាក់ មាន​ស្រុកកំណើត​នៅ​ឃុំ​ស្រែអំបិល ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង​សព្វថ្ងៃ មាន​ទីលំនៅ​នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្តាល​។ ​នៅ​ចំពោះមុខ​សម​ត្ថ​កិច្ច​ជំនាញ ជនដៃដល់ រូបនេះ បាន​សារភាពថា ក្រោយពី​ខ្លួន​មានបាន​ជាប់ជំពាក់​បំណុល លុយកាក់ អ្នក​ក្នុងភូមិ​ជាមួយគ្នា និង​លុយ​ធនាគារ ខ្លួន​ពិបាកចិត្ត គេ​តាម​មក​ទារ​លុយ​ជា​បន្តបន្ទាប់ ហើយ​បានគិត​គម្រោង​ថា​ធ្វើយ៉ាងណា​រកប្រាក់​យកមក​ដោះស្រាយ​បំណុល​នេះ​ក៏បានរៀបចំ ខ្សែ​អង្រឹង ប្រវែង​កន្លះ​ម៉ែត្រ ត្រៀម​ទុក​ក្នុង​ហោប៉ៅ​ខោ ហើយ​រកឱកាស សម្លាប់​ជនរងគ្រោះ​។ បន្ទាប់ពី​គិត​រួច​បានធ្វើ​ដំណើរ​ជិះ​ម៉ូតូ មក​ផ្ទះ​ជនរងគ្រោះ​នៅ​ថ្ងៃកើតហេតុ ពេល​ថ្ងៃ​ជិត​ត្រង់ ហើយ​គោះទ្វារ ហៅ​ជនរងគ្រោះ ចូលទៅ​អង្គុយ​មើល​ទូរទស្សន៍ នៅក្នុង​ផ្ទះ​ជាមួយ​ជនរងគ្រោះ​ព្រោះ​ជាម​នុស្ស រាប់អាន​គ្នា និយាយ​គ្នា​ពីនេះ ពី​នោះ​ខ្លះ​រួចមក ជនរងគ្រោះ​នាំ​ជនសង្ស័យ​ចូល​មើល​កម្រាលពូក​ថ្មី នៅក្នុង​បន្ទប់ បានឱកាស​មកដល់​ជនសង្ស័យ ក៏​យក​ខ្សែ​អង្រឹង​ដែល​ត្រៀម​ទុក​ស្រេច រឹត​ក វាយ​ប្រតាយប្រតប់​គ្នា ជាមួយ​ជនរងគ្រោះ​នៅ​កន្លែង​ខាងក្នុង​បន្ទប់ដេក ហើយ​ជនរងគ្រោះ​ដណ្ដើម​បាន​ខ្សែ​អង្រឹង​​ ក៏​រឹត​ក​ជនសង្ស័យ​វិញ។ ក្រោយ​រើ​​បម្រាស់​​​​​រួច ​ជនសង្ស័យ​ ក៏ រឹត​ក​ជនរងគ្រោះ​វិញ​ និង​ច្របាច់ក បន្ថែម​រហូតដល់​​ជនរងគ្រោះ​លែង​កម្រើក រួចខ្លួន​អង្គុយ​សំងំ នៅ​ខាងក្នុង​បន្ទប់ ទាល់តែ​បាត់​ហត់ ទើប​បន្តសកម្មភាព យក​ខ្សែដៃ​០១ ខ្សែ យក​ខ្សែក ០១​ខ្សែ របស់​ជនរងគ្រោះ ហើយ​ដើរមក​ទាញ​ថតទូ​ជ័រ បើក​ឃើញ​កូន​កាបូប​ដាក់​លុយ​នៅក្រោម​ខោអាវ ដកយក​តែ​លុយ ដុល្លារ ក្រដាស​១០០ និង​ក្រដាស ៥០ ក្រដាស ២០ ខ្លះ ជាមួយ លុយ​ខ្មែរ ដោយ​មិនបាន​រើ កកាយ​បើក​ទូ​ឈើ និង​បើក​កាបូ​ប​ខ្មៅ យួរដៃ របស់​ជនរងគ្រោះ​ទេ។ បន្ទាប់មក​ដើរគេច​ចេញ​តាម​របង​ខាងត្បូង ចេញមក​ផ្លូវ ហើយ​គេចខ្លួន​សំដៅ​មក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​និង​បន្តទៅ​ខេត្តតាកែវ​ស្នាក់​នៅបាន​១​យប់​ទើប​ធ្វើដំណើរ​ទៅ​ខេត្តកំពង់ធំ​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​៕

​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu