ក្លិបបឹងកេតអែហ្វស៊ី សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានធ្វើតេស្តជ្រើសរើសកីឡាករយុវជនដាក់ចូលក្នុងយុវជនថ្នាលក្រោមអាយុ១៧ឆ្នាំ (U17) របស់ខ្លួន ខណៈមានបេក្ខជនប្រមាណជិត ២០០នាក់ បានចូលរួមដាក់ពាក្យធ្វើតេស្ត ហើយបេក្ខជនភាគច្រើនគឺត្រូវតែមានឆ្នាំកំណើតចាប់ពីឆ្នាំ២០០២ ឡើងទៅ។
លោក គឹម ភក្ដី នាយកបច្ចេកទេសក្លិបបាល់ទាត់បឹងកេត បានបញ្ជាក់ថា ៖ «សម្រាប់លក្ខខណ្ឌជ្រើសរើសកីឡាករនោះគឺយើងផ្ដោតលើ៤ចំណុចដែលមាន បច្ចេកទេសផ្ទាល់ខ្លួន, តាក់តិច, កម្លាំង។ ទី៤ គិតលើឆន្ទៈ ពោលគឺ ការលេងសហការគ្នាបានល្អឬអត់»។ ថ្មីៗនេះក្លិបបានបង្ហាញ បញ្ជីឈ្មោះកីឡាករចុងក្រោយបន្ទាប់ពីជម្រុះដើម្បីហ្វឹកហាត់និងប្រកួតនៅក្នុងក្លិប។
កីឡាករដែលជាប់ឈ្មោះទាំង៣៤រូបនោះមានដូចជា ហៃ លាងហុង,ឡេង នភា, វឿន រ៉ាវី,សែម ច័ន្ទវិចិត្រ, ពៅវី មុន្នីបុត្រា,អេម ផលនិត,យ៉ន សំណាង,រួត ច័ន្ទតារា, វ៉ា តារា, ណាយ ឆេងប៉ាវ, សោម រត្តនៈចាន់ថន, អ៊ុំ ពិសិដ្ឋ, រតនៈ មុនី, លាវ ប្រាជ្ញសម្បូរ,វន សុខៃតុ,ម៉ូហាំម៉ាត់ អារីហ្វីន,ភាព សុផាន់ណា, ជឿន ពិសាខបូរមី,នី បញ្ញា, រ៉សេត អាហ្វីនី, ម៉ុន ពេជ, ស្រ៊ុន ដារ៉ូ, សួន ស័ក្ត,ស្រ៊ុន សេងហុង,រិន សុធារិទ្ធ,ទីន សលីហ៊ិន, Lim Jet Raeksmey, Lim Aarun Raymond, សិទ្ធី សាមីឌី, Koichi Keita, ណាល់ ស្ទីវិនដាឬទ្ធ, អារ៉ាហ្វីន វ៉ាន់នី, សៅ ចិត្រា និង សាវិន រ៉ានិត។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments