ភ្នំពេញ ៖ តារាសម្តែងប្រុសរូបសង្ហាដែលត្រូវបានទស្សនិកជនដឹងគ្រប់គ្នាថាជាគូស្នេហ៍ដ៏សក្ដិសមជាមួយតារាចម្រៀងស្រីជាប់ឈ្មោះជាស្ត្រីមេម៉ាយចាយរាងអ្នកនាង ពេជ្រ សោភា គឺលោក ឆឹម សក្កដា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ បានជួបរឿងស៊យដោយមិននឹកស្មានដល់ ខណៈដែលទូរស័ព្ទរបស់លោកត្រូវបានលោកចោរដៃឆើតធ្វើសកម្មភាពឆក់យកទៅដោយសុវត្ថិភាព។
បើតាមការបញ្ជាក់របស់លោក ឆឹម សក្កដា បានរៀបរាប់ពីហេតុការណ៍នោះឲ្យដឹងថា យប់ថ្ងៃកើតហេតុនោះ លោកបានហៅជិះ PassAppទៅរកទិញរបស់ញ៉ាំនៅម្តុំវិមានឯករាជ្យ ប៉ុន្តែខណៈពេលកំពុងតែជិះសុខៗក៏ស្រាប់តែលេចមុខជនសង្ស័យមកធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ា OPPOរបស់ខ្លួនដោយសុវត្ថិភាពតែម្ដង។
តារាប្រុសលោក ឆឹម សក្កដា បាននិយាយទៀតថា អ្វីដែលធ្វើឲ្យលោកស្តាយរហូតគេងមិនលក់នោះដោយសារតែនៅក្នុងទូរស័ព្ទដែលត្រូវបានចោរឆក់យកនោះគឺមានឯកសារសំខាន់ៗជាច្រើននៅក្នុងនោះរួមទាំងរូបថតមួយចំនួនផងដែរ។ ម្យ៉ាងទៀតលោក ឆឹម សក្កដា ក៏បាននិយាយបែបលេងសើចនិងបង្ហាញក្តីព្រួយបារម្ភថា លោកភ័យបំផុតនោះគឺខ្លាចបែកធ្លាយនូវរូបភាពស្រាតដែលមាននៅក្នុងទូរស័ព្ទជាច្រើនសន្លឹក ប៉ុន្តែវាពុំមែនលក្ខណៈស្រាតទាំងស្រុងនោះទេ ពោលគឺប៊ិះនឹងស្រាតតែម្តង។
ស្របពេលជាមួយគ្នាដែលទូរស័ព្ទរបស់លោកត្រូវបានចោរឆក់យកទៅដោយសុវត្ថិភាពនេះដែរក្រៅតែពីការដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលខណ្ឌលោក ឆឹម សក្កដា ក៏បានប្រកាសអំពាវនាវដល់មហាជនរួមទាំងជាងទូរស័ព្ទនិងនៅតាមបណ្តាកន្លែងទិញលក់ទូរស័ព្ទមួយចំនួន ប្រសិនបើឃើញមានករណីនៃការលក់ទូរស័ព្ទដែលមានភិនភាគរូបភាព និង ឯកសារពាក់ព័ន្ធជាមួយលោកក្នុងនោះសូមមេត្តារាយការណ៍ផ្តល់ដំណឹងជូនសមត្ថកិច្ចឬខ្លួនលោកផ្ទាល់ឬអាចឈានដល់ការឃាត់ខ្លួនជនសង្ស័យផងដែរ៕
Source: Kampuchea Thmey Daily
0 Comments