Ad Code

កីឡាករ​អា​ហ្ស​ង់​ទីន​ដែល​មក​ប្រកប​អាជីព​នៅ​កម្ពុ​ជា​ដំបូង​គេ ​រៀបចំ​ពី​ឆន្ទៈ​ត្រៀម​ជួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​រដូវ​កាល​ថ្មី



ក្លិប​បាល់ទាត់​លី​គ​កំពូល​កម្ពុជា អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បានបង្ហាញ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៤ ខែមករា ថ្មីៗ​នេះ​ថា​ក្លិប​បាន​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​ទី​៤​ប្រចាំ​ក្លិប​ជា​ជនជាតិ​អា​ហ្ស​ង់​ទីន ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​កីឡាករ​វ័យ​២៩​ឆ្នាំ​ចាត់ទុក​វត្តមាន​លើកដំបូង​នៅ​ប្រទេស​ម្ចាស់​អង្គរ​មួយ​នេះ​ជា​កិត្តិយស និង​កម្លាំងចិត្ត​ក្នុងការ​ប្រកួតប្រជែងរ​ដូ​វ​កាល​ថ្មី​២០១៩​ខាងមុខ​។ Ramos Alexis បាន​បញ្ជាក់ថា​៖«​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ គឺ​លេង​ឲ្យ​អស់ពី​សមត្ថភាព រាល់​ការប្រកួត​ដែល​ខ្ញុំ​ត្រូវ​លេង​ដើម្បី​ឈានដល់​កម្រិត​ដ៏​ល្អ​បំផុត​និង​ព្យាយាម​ស្វែងរក​គ្រប់​បាល់​។ នេះ​គឺជា​អ្វីដែល​អាចជួយ​ក្រុម​បាន​។ ខ្ញុំ​ដឹងថា ខ្ញុំ​ជា​កីឡាករ អា​ហ្ស​ង់​ទីន​ដំបូង​ដែល​ឈាន​ជើង​មកលេង​នៅក្នុង​កម្ពុជា ហើយក៏​ជា​ទឹកចិត្ត​បន្ថែម​ដើម្បី កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ និង​ដើម្បី​ប្រទេស​របស់ខ្ញុំ​»​។​

​កីឡាករ​ចំណូល​ថ្មី​លើទឹក​ដី​អង្គរ​រូបនេះ​មាន​ឈ្មោះថា​Ramos Alexis Damian មាន​កម្ពស់ ១,៩៤​ម៉ែត្រ ជំនាញ​ខាងជើង​ឆ្វេង​។ កីឡាករ​រូបនេះ​បាន​ប្រកប​អាជីព​ដំបូង​នៅ​ឆ្នាំ​២០១៤ ជាមួយ​ក្លិប​Ferro នៅ​ក្រុម​កំណើត​ខណៈ​នៅ​ពាក់កណ្ដាល​ឆ្នាំ​ដដែល​នោះគេ​បាន​ផ្លាស់​ទៅលេង​ក្លិប Giamnasia CdU ហើយ​នៅ​ឆ្នាំ​២០១៥ បាន​បន្ត​ទៅកាន់​ក្លិប AA Estudiantes ពាក់កណ្ដាល​ឆ្នាំ​២០១៥​បាន​ប្តូរ​ទៅ​ក្លិប​Club Atlético Independiente​។ នៅ​ឆ្នាំ​២០១៦ បាន​បន្ត​ទៅលេង​ក្លិប General Paz Jrs ហើយ​នៅ​ឆ្នាំ​២០១៧ ផ្លាស់​ទៅលេង​ក្លិប​Huracan Goya​។ នៅ​ឆ្នាំ​២០១៧ រូបគេ​ទៅ​ចូលរួម​ជាមួយ​ក្លិប Tecnico U នៅ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា ហើយ​នៅ​ពាក់កណ្ដាល​ឆ្នាំ​បាន​បន្តដំណើរ​ទៅ​ប្រទេស​អេ​សាវ៉ា​ឌ័​រ ដោយ​ចូលរួម​ជាមួយ​ក្លិប Meapan ស្របពេល​នៅ​ដើមឆ្នាំ​២០១៨ បាន​ផ្លាស់​ទៅកាន់​ក្លិប Tanque Sisley ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​ហើយ​ពាក់កណ្ដាល​ឆ្នាំ​ប្តូរ​ទៅកាន់​ក្លិប Metropolitanos នៅ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា វិញ​។ នៅ​ដំណាច់ឆ្នាំ​២០១៨ រូបគេ​ជា​សមាជិក​ក្លិប​Gudja United FC នៅ​ប្រទេស​ម៉ា​ល់តា មុន​ធ្វើដំណើរ​មក​កម្ពុជា នៅ​ដើមឆ្នាំ​២០១៩​នេះ​។​

​យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុងនោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ គិត​ត្រឹម​ពេលនេះ Ramos Alexis Damian​ជា​កីឡាករ​បរទេស​ទី​៤​ហើយ​នៅក្នុង​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​កីឡាករ​៣​រូប​ដែល​ក្លិប​បាន​ចុះកិច្ចសន្យា​រួចហើយ​មាន​កីឡាករ​ជប៉ុន Kenjiro Ogino និង Joichiro Sugiyama និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Okereke Timothy៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu