ភ្នំពេញ ៖ នៅទីបំផុត មេការចិននៃមន្ទីរពេទ្យវ៉ិចតូរៀ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទកំហែងយក និងបទការឃុំឃាំង ការបង្ខាំងដោយខុសច្បាប់។
ជនជាប់ចោទឈ្មោះ លី ហ្ស៊ី អាយុ៣៧ឆ្នាំ ជាមេការ និងជាអ្នកគិតលុយរបស់មន្ទីរពេទ្យវ៉ិចតូរៀ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដើម្បីធ្វើការសាកសួរអំពីការបង្ខាំងសាច់ញាតិរបស់អ្នកជំងឺម្នាក់ ដែលមន្ទីរពេទ្យវ៉ិចតូរៀចាប់បង្ខំអោយធ្វើការវះកាត់ក្នុងតម្លៃយ៉ាងខ្ពស់។
ក្នុងនោះក្រោយធ្វើការសាកសួរ លោកវង្ស ប៊ុនវិសុទ្ធ បានសម្រេចចោទប្រកាន់មេការចិនរូបនេះពីបទ ការឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ និងបទកំហែងយក ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទអោយចៅក្រមសម្រេចតាមនីតិវិធី។
សូមបញ្ជាក់ថា ករណីដ៏កក្រើកអំពីមន្ទីរពេទ្យឯកជនវ៉ិចតូរៀ កៀបអ្នកជំងឺអោយវះកាត់ រួចគិតលុយច្រើនកប់ពពក បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យ វ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជារបស់លោកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ។
សម្រាប់ហេតុការណ៍នេះ ដំបូងឡើយនារីរងគ្រោះបានទៅមន្ទីរពេទ្យអន្តរជាតិវ៉ិតូរៀ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់។
ភ្លាមៗនោះនារីរងគ្រោះ បាននិយាយថា ខ្លួនគ្មានប្រាក់ទេ បានសុំចេញទៅក្រៅវិញ ថែមទាំងសុំអង្វរទៀត តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលើ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។
ភ្លាមៗនោះខាងមន្ទីរពេទ្យ បានយកក្រដាស១សន្លឹក មិនដឹងថា ជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយធ្វើការវះកាត់រួច ខាងមន្ទីរពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន២,០០០ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារ ថ្លៃពិសោធន៍៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ដឹងថាជាជំងឺអ្វីឲ្យប្រាកដនោះទេ។
ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះ គាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលស់ ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេ ទាល់តែមាន៥០០ដុល្លារទៀត។ ភ្លាមៗនោះទ្វាររបស់មន្ទីរពេទ្យ ក៏ត្រូវសន្តិសុខ យកច្រវាក់មកចាក់ទ្វារ មិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ។
ក្រោយវះកាត់រួច នារីរងគ្រោះបានមានអាការៈឈឺចុកចាប់ខ្លាំង ត្រូវក្រុមគ្រួសារហៅម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋវិញ។ ករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មាន ចុះទៅផ្សាយផ្ទាល់ព្រោងព្រាត រហូតដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ត្រីសុខាភិបាល បានធ្វើការស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ ហើយឈានទៅដល់ការឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនឈ្មោះលី ហ្ស៊ី ពាក់ព័ន្ធករណីបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេ គ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យនោះ៕
Source: Kampuchea Thmey Daily
0 Comments