ក្លិបកីឡាបាល់ទាត់វិសាខា បានបញ្ចប់ការប្រកួតមិត្តភាព ក្នុងកម្មវិធី Pre-Season Tour របស់ខ្លួន នៅប្រទេសថៃហើយ ត្រឹមថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៨ ខណៈក្រុមនេះនៅតែរក្សានូវកំណត់ត្រាមិនស្គាល់ចាញ់នោះឡើយ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ BTU United ក្នុងលទ្ធផល ២-២ នៅកីឡដ្ឋាន BTU ប្រទេសថៃ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ដែលជាប្រកួតចុងក្រោយ។
ប្រកួតចុងក្រោយនេះ ក្រុមម្ចាស់ផ្ទះ គឺជាអ្នករកបានគ្រាប់បាល់នាំមុខមុន នៅនាទីទី៥ បន្ទាប់មកទើបកីឡាករ ទិត្យ ឌីណា រកបានគ្រាប់បាល់តាមស្មើឲ្យវិសាខា នៅនាទី៣៥ មុនបញ្ចប់តង់ទី១។ ចូលតង់ទី២ ក្រុមទាំងពីរ បានបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់រៀងខ្លួន ក្នុងនោះនៅនាទី៥៩ កីឡាករ ទិត្យ ឌីណា បានបំប៉ោងសំណាញ់ទី ១គ្រាប់ទៀត តែត្រូវកីឡាករម្ចាស់ផ្ទះ រកបាន ១គ្រាប់វិញ នៅនាទី ៧៣ ហើយក៏បានរក្សាលទ្ធផលស្មើគ្នា ២-២ ដល់ចប់ការប្រកួត។
នេះគឺជាប្រកួតមិត្តភាពអន្ដរជាតិទី៦ ហើយក៏ជាការប្រកួតចុងក្រោយផងដែរ អំឡុងពេលក្លិបកីឡាបាល់ទាត់វិសាខា បោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មី។ ចំពោះលទ្ធផលប្រកួតមិត្តភាពនៅប្រទេសថៃ របស់ក្លិបកីឡាបាល់ទាត់វិសាខា កន្លងមកគឺធ្លាប់បានឈ្នះក្លិប PAHANG FA របស់ម៉ាឡេស៊ី ៣-១ បន្តឈ្នះក្លិប RSU FC ៥-០ ហើយស្មើគ្នាជាមួយក្លិប MOF CUSTOMS UNITED ១-១ តែវាយបកយកឈ្នះវិញ ១-០ ក្នុងជំនួបមិត្តភាពលើកទី២ បន្តយកឈ្នះក្លិប Air Force United ១-០ និងចុងក្រោយស្មើក្លិប BTU United ២-២។
យោងតាមការបញ្ជាក់របស់ក្លិបលេខ៣ឆ្នាំចាស់ក្នុងលីគកំពូលកម្ពុជានេះលើកឡើងថា បន្ទាប់ពីបញ្ចប់កម្មវិធីបោះជំរំហ្វឹកហាត់ Pre-Season Tour នៅប្រទេសថៃ ក្លិបកីឡាបាល់ទាត់វិសាខា ត្រូវធ្វើដំណើរទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តែម្តងដើម្បីបន្ដហ្វឹកហាត់ និងប្រកួតមិត្តភាពក្នុងស្រុកមួយចំនួន ដើម្បីត្រៀមរដូវកាលថ្មី ទាំងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments