Ad Code

កម្ពុជា​គ្រោង​រៀបចំ​ពិព័រណ៍​កម្មវិធី ឌីជីថល​ដើម្បី​លើកកម្ពស់​ការវិនិយោគ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​



ភ្នំពេញ ​៖​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​ស្តីពី​កម្មវិធី​ឌីជីថល​កម្ពុជា​២០១៩នៅ​ពាក់កណ្តាល​ខែមីនា​ខាងមុខនេះ​ដើម្បី​កៀរគរ​រក​ប្រភពធនធាន​សម្រាប់​ជួយ​បង្កើន​សមត្ថភាព​លើ​ការប្រើ​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​(SME) ដើម្បី​ឈានទៅរក​ការប្រកួតប្រជែង​កាន់តែខ្លាំង​នៅលើ​ទីផ្សារសេរី​ក្នុង​តំបន់ និង​ពិភពលោក​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី​«​ឌីជីថល​កម្ពុជា​២០១៩» នៅ​ទីស្តីការក្រសួង​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា ​ពិព័រណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សក្តានុពល និង​ភាព​រីកដុះដាល​នៃ​អាជីវកម្ម​បច្ចេកវិទ្យា​ក្នុងស្រុក ក៏ដូចជា​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ទាញយក​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​ខាងក្រៅ​ប្រទេស​ឱ្យ​ងាក​សម្លឹង​មក​កម្ពុជា ក៏ដូចជា​កៀរគរ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​(ICT) ដោយ​ផ្សារភ្ជាប់​ស្ថាប័ន​រាជរដ្ឋាភិបាល អ្នកវិនិយោគ​ជាតិ​និង​អន្តរជាតិ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី អ្នក​វិជ្ជាជីវៈ និង​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ ព្រមទាំង​សង្គម​ស៊ីវិល ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ ក៏ដូចជា​អំពី​បញ្ហា​ប្រឈម​នានា លើ​វិស័យ​ឧស្សាហកម្ម ICT ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ។​

លោក​បាន​បន្តថា​ ពិព័រណ៍​នេះ ជា​កម្មវិធី​ឈានមុខ​ប្រចាំឆ្នាំ​លើក​ទី​១​របស់​កម្ពុជា ដែលមាន​គោលបំណង​បង្កើត Platform ថ្នាក់ជាតិ ដើម្បី​បង្ហាញ​អំពី​បរិយាកាស និង Ecosystem ប្រកបដោយ​អំណោយផល និង​ភាព​ទាក់ទាញ​សម្រាប់​ការវិនិយោគ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​។​

ជាមួយគ្នានេះ​ពិព័រណ៍​នេះ​ក៏​ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្របខណ្ឌ​គោលនយោបាយ​និង​គតិយុត្ត និង​ផលិតផល​និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។ បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិនអាច​ខ្វះ​បាន​នៃ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​យុវជន​និង​ស្ត្រី ក្នុងន័យ​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ការអប់រំ​សម្រាប់​សិស្ស​-​និស្សិត និង​ជំនាញ​បច្ចេកទេស បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ផលិតភាព និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច​និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​។
​កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​រួមមាន ស្ថាប័ន​រាជរដ្ឋាភិបាល អ្នកវិនិយោគ​ជាតិ​និង​អន្តរជាតិ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី (Startup) អ្នក​វិជ្ជាជីវៈ និង​គ្រឹះស្ថានសិក្សា​ស្រាវ ជ្រាវ​ព្រមទាំង​សង្គម​ស៊ីវិល​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ ក៏ដូចជា​អំពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​និង​ជំរុញ​អំពី​សហគ្រិនភាព​និង​នវានុវត្តន៍​ថ្មីៗ និង​ការអភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​ចាប់ផ្តើម​ថ្មី (Startup) ជាមួយ​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម​។

លោក​កាន ច័ន្ទ​មេត្តា​បាន​ឲ្យ​ដឹងថា​ពិ​ព័ណ៌​នេះ​មានការ​ចូលរួម​ពី​ស្តង់​ប្រមាណ​១៥០​ស្តង់​ហើយ​សង្ឃឹម​ថា នឹងមាន​អ្នកចូលរួម​ប្រមាណ​២​ម៉ឺន​នាក់ មកពី​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​។​

លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់​ថា និ​ប​ទិ​ក​(NIPTICT) បាន​បញ្ជាក់ថា កម្ពុជា​នៅ​ខ្វះ​ធនធានមនុស្ស ផ្នែក​វិស័យ ICT ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ផ្នែក​ឧស្សាកម្ម។ លោក​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ មាន​និស្សិត​ប្រហែល​១០​ភាគរយ​ប៉ុណ្ណោះ ដែល​ចូលរៀន​សាលា​ជំនាញ​ផ្នែក ICT ខណៈ​ជំនាញ ផ្សេងទៀត មានដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម មាន​រហូតដល់​៥០​ភាគរយ ក្នុង​១​ឆ្នាំៗ​។

លោក​ឲ្យ​ដឹង​ទៀតថា ខាង​វិទ្យាស្ថាន​និ​ប​ទិ​ក កំពុង​ខិតខំ​ជំរុញ​កំណើន​ចូលរៀន​របស់​យុវជន​ផ្នែក​ជំនាញ​នេះ​ឲ្យ​បាន​ដល់​១៥​ភាគរយ នៅត្រឹម​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ តាមរយៈ​បំពាក់​ឧបករណ៍​ស្រាវជ្រាវ​ដូចជា​កុំព្យូទ័រ អ៊ិន​ធើ​ណេ​ត នៅតាម​វិទ្យាល័យ និង​សាកលវិទ្យាល័យ​។​

លោក​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៩ និង​២០២០​ខាងមុខនេះ មូលនិធិ​ការកសាង​សមត្ថភាព​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ICT បាន​លៃលក​ថវិកា​មួយផ្នែក សម្រាប់​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច នៃ​ការបង្កើត​មុខរបរ​ខាង​ផ្នែក​បច្ចេកវិទ្យា​ក្នុងស្រុក ដែល​សង្ឃឹមថា​ប្រជាជន​កម្ពុជា​ជាច្រើន នឹង​ទទួលបាន​ប្រយោជន៍​ពី​ការផ្តួចផ្តើម​ទាំងនេះ​។​

គួរ​បញ្ជាក់ថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ស្តីពី​កម្មវិធី ឌីជីថល​កម្ពុជា ២០១៩​នឹងធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ពេជ្រ​ចាប់ពី​ថ្ងៃទី​១៥-១៧ ខែមីនា​ឆ្នាំ​២០១៩​ខាងមុខនេះ​ដោយមាន​កម្មវិធី​សំខាន់ៗ​ដូចជា​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​អាស៊ាន​, សន្និសីទ និង​សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ​និង​អ្នកជំនាញ​ដើម្បី​ចែករំលែក​អំពី​បច្ចុប្បន្នភាព និង​អនាគត​នៃ​បច្ចេកវិទ្យា​ឌីជីថល​, ពិព័រណ៍​ឌីជីថល​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​, ការប្រគល់​ពានរង្វាន់ Cambodia ICT Awards និង Women in Tech Awards សម្រាប់​ផលិតផល​បច្ចេកវិទ្យា​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត និង​នវានុវត្តន៍​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu