Ad Code

គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បកស្រាយ​រឿង​គេ​រិះគន់​ក្រុម​ខ្លួន​ ក្រោយ​ឈ្នះ​ជើងឯក U13​ថ្នាក់ជាតិ​



ក្រុម​កីឡាករ​អាយុ​ក្រោម​១៣​ឆ្នាំ (U13) របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ក្លាយជា​ម្ចាស់​ជើងឯក ក្នុង​ប្រកួត​ពានរង្វាន់​ទិវា​បាល់ទាត់​អាយុ​ក្រោម​១៣​ឆ្នាំ ២០១៨ ឬ​ហៅថា​U-13 Football Festival 2018 ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ខណៈ​ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​២៣​ក្រុម​ ហើយ​រៀបចំ​ការប្រកួត​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​។

​អ្នកគ្រូ​បង្វឹក​ក្រុម​កីឡាករ​អាយុ​ក្រោម​១៣​ឆ្នាំ​ភ្នំពេញ​ក្រោ​ន ម៉ៅ សា​វីន បានបញ្ជាក់​ថា ​នេះ​ជា​លើកទីមួយ​ហើយ ​ដែល​ខ្លួន​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជា​ផ្នែក​បុរស​ទទួលបាន​ជោគជ័យ ហើយ​អ្នកគ្រូ​ក៏​សូម​អរគុណ​នូវ​ការខិតខំ​ប្រឹម​ប្រែង​របស់​កូនក្រុម​របស់ខ្លួន​ផងដែរ​។​ តែ​ទន្ទឹមគ្នា​នេះដែរ​ក៏​មានមតិ​រិះគន់​មួយចំនួន​ជុំវិញ​ការ​ឈ្នះ​របស់​ក្រុម​កីឡាករ​អាយុ​ក្រោម​១៣​ឆ្នាំ​ភ្នំពេញ​ក្រោ​ន ដោយ​លើកឡើងថា​ជា​ក្រុម​ដែលមាន​កីឡាករ​ធំ ឬ​មាន​អាយុ​លើស​ក្រុម​ដទៃ​ទៀត​។

ជុំវិញ​បញ្ហា​នេះ​អ្នកគ្រូ​បង្វឹក​ខាងលើ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​ក៏បាន​ដឹង​ពី​បញ្ហា​ទាំង​នេះដែរ តែ​ខ្ញុំ​សូមបញ្ជាក់ថា​កីឡាករ​អាយុ​ក្រោម​១៣​ឆ្នាំ​ភ្នំពេញ​ក្រោ​ន គឺមាន​អាយុ​ត្រឹមត្រូវ​ទៅតាម​ការកំណត់​របស់​សហព័ន្ធ ហើយ​យើង​ក៏មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ផងដែរ​។ កីឡាករ​យុវជន​ថ្នាល​របស់​យើង​គឺមាន​កាយសម្បទារ​ល្អ ដោយសារតែ​ពួកគេ​មានការ​ហូបចុក​ល្អ មានការ​ហ្វឹកហាត់​ត្រឹមត្រូវ ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​យើង​រើស​យកតែ​កីឡាករ​ដែលមាន​គុណភាព​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​នេះ​»​។​

​គ្រូបង្វឹក​ដែលមាន​ប្រភព​មកពី​ខេត្តបាត់ដំបង​រូបនេះ​បាន​បន្តថា ​៖«​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ដែល​រិះគន់​លើ​ភ្នំពេញ​ក្រោ​ន យក​ពេលវេលា​បង្កើន​សមត្ថភាព​ក្រុម​ខ្លួនឯង ដើម្បី​ឲ្យ​ការប្រកួតប្រជែង​នៅពេល​ខាងមុខ​កាន់តែខ្លាំង​ក្លា​ជាងនេះទៀត​»​។ សូមបញ្ជាក់ថា​មុន​ក្លាយជា​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ឈ្នះ​ក្រុម​ខេត្តស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ២-១ លើ​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែមករា ឆ្នាំ​២០១៩​ថ្មីៗ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu