ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើកឡើងថា ប្រទេសកម្ពុជា នឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត ពី ព្រោះកម្ពុជាបានឆ្លងកាត់ភាពលំបាករួចហើយ ពីអតីតកាល ហើយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏ បានបង្ហាញពីការសោកស្ដាយទៅលើការសម្រេចចិត្ដរបស់គណៈកម្មការអឺរ៉ុប ចំពោះការដាក់ចេញនូវវិធានការណ៍ការពារចំពោះការនាំចូលអង្ករ ពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រកាសបែបនេះ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តិទៅ ចាប់ថ្ងៃទី១៧ ដល់១៨ ខែមករា ឆ្នាំ២០១៩ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការបន្តតាមដានលើលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជាពិសេសដំណើរការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។
តាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន របស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេសបានឲ្យដឹងថា នៅអំឡុងកិច្ចប្រជុំចង្អៀតនោះ រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឋានៈជាប្រធានអាស៊ាន បានជម្រាបជូនអង្គប្រជុំអំពីចំណុចអាទិភាពរបស់ថៃ ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០១៩ ក្រោមមូលបទ “ការជំរុញភាពជាដៃគូសម្រាប់ចីរភាព”។ ចំពោះការកសាងសហគមន៍អាស៊ាន រដ្ឋមន្ត្រីទាំងអស់បានពិភាក្សាប្រកបដោយផ្លែផ្កាលើការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ជាពិសេសផែនការលម្អិតសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សមាហរណកម្មអាស៊ាន ការកាត់បន្ថយគម្លាតអភិវឌ្ឍ និងការតភ្ជាប់អាស៊ាន។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តពង្រឹងមជ្ឈភាពអាស៊ាន និងតួនាទីនាំមុខអាស៊ាននៅក្នុងនិមាបន្មកម្មតំបន់ ដែលកំពុងវិវត្តន៍ និងទំនាក់ទំនងជាមួយភាគីខាងក្រៅ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានទទួលស្គាល់ពីការប្រកួតប្រជែង ដែលកើនឡើងរវាងមហាអំណាចធំៗនៅក្នុងតំបន់ និងផលប៉ះពាល់ ដែលអាចមានដល់មជ្ឈភាពអាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមនានា ដែលរួមចំណែកដល់ការពង្រឹងការឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃភាពបើកចំហ នវានុវត្តន៍ និងការបំពេញគ្នាទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញថា អាស៊ានគួរបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមក្នុងការកសាងសហគមន៍អាស៊ាន ជាមួយគ្នានេះដែរ ត្រូវបន្តទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីបម្រើផលប្រយោជន៍ដ៍ល្អប្រសើរនៃសន្តិភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងអន្តរជាតិ។ ទាក់ទងនឹងការពង្រឹងការបំពេញបន្ថែមរវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ភាពរឹងមាំ នៃការកសាងសហគមន៍អាស៊ាន គឺពឹងផ្អែកលើការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការសម្របគោលនយោបាយអភិវឌ្ឍថ្នាក់ជាតិ ឲ្យស្របនឹងរបៀបវារៈ នៃការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។
នៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរ អំពីការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្ដួចផ្ដើម ប្រកបដោយនវានុវត្ដន៍របស់ថៃ ក្នុងការបង្កើតនូវមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការសិក្សា និងកិច្ចសន្ទនាសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងឆ្នាំនេះ។ បន្ថែមលើនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឍឹមថា មជ្ឈមណ្ឌលនេះ នឹងអាចធ្វើការជាមួយក្រុមអ្នកវិភាគជាតិ និងតំបន់ដទៃទៀត ដើម្បីស្វែងរកគំនិតថ្មី ធំទូលាយ ដែលអាចបញ្ចូលទៅក្នុងសកម្មភាពថ្នាក់ជាតិ និងតំបន់ ក្នុងការគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានទទួលស្គាល់អំពីសារៈសំខាន់ នៃការបង្កើតនូវវិធីសាស្ត្ររួមអាស៊ាន ស្តីពីទស្សនាទានឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្អែកលើគោលការណ៍សំខាន់ៗ រួមមាន បរិយាប័ន្ន តម្លាភាព និងការបំពេញបន្ថែម។ រដ្ឋមន្ត្រីទាំងអស់ក៏បានសម្រេចឲ្យឧត្ដមមន្ត្រីអាស៊ាន ធ្វើការពិភាក្សាបន្ថែមលើទស្សនាទាននេះ។
កិច្ចប្រជុំ ក៏បានពិភាក្សាផងដែរពីការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងការត្រៀមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដើម្បីពិនិត្យមើលការរីកចម្រើននៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប និងទិសដៅអនាគត ព្រមទាំងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមសម្រាប់តំបន់ទាំងពីរ និងពិភពលោកទាំងមូល។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានឯកភាពជាគោលការណ៍ចំពោះការលើកតំឡើងពីភាពជាដៃគូទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប ទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ ក្រោមការបន្តចរចាលើចំណុចលម្អិត និងកាលបរិច្ឆេទច្បាស់លាស់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់វិធីសាស្ត្រស្តង់ដារពីរ សម្រាប់ជ្រើសរើសយកតែចំណុចណា ដែលសមស្រប និងផ្ដល់ប្រយោជន៍ដល់ប្រទេសដែលខ្លាំងជាង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់យ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ភាពលំបាក ពីអតីតកាលរួចហើយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការសោកស្ដាយទៅលើការសម្រេចចិត្ដរបស់គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ ចំពោះការដាក់ចេញនូវវិធានការណ៍ការពារចំពោះការនាំចូលអង្ករ ពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ កិច្ចប្រជុំក៏បានកត់សម្គាល់អំពីការព្រួយបារម្ភ ចំពោះការបិទមិនឲ្យប្រេងដូងរបស់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ទៅកាន់ទីផ្សារអឺរ៉ុប។
រដ្ឋមន្ត្រីទាំងអស់ បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានការប្រយុទ្ធប្រឆាំងភេរវ កម្ម និងហិង្សាជ្រុលនិយម រដ្ឋរ៉ាក់ខាញ ឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សម្គាល់ចំពោះការធ្វើបច្ចុប្បន្នភាពដោយរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា និងអគ្គលេខាធិការអាស៊ាន អំពីបញ្ហានៅរដ្ឋរ៉ាក់ខាញ។
រដ្ឋមន្ដ្រីការបរទេសអាស៊ាន បានបង្ហាញអំពីការបន្ដប្ដេជ្ញាចិត្ដដ៏រឹងមាំក្នុងការគាំទ្រមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយទូលំទូលាយ និងយូរអង្វែង នាំមកនូវសន្ដិភាព ស្ថិរភាព ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងការផ្សះផ្សាក្នុងចំណោមសហគមន៍នានា និងធានានូវការអភិវឌ្ឍន៍ដោយចីរភាព និងសមធម៌ នៅរដ្ឋរ៉ាក់ខាញ។ រដ្ឋមន្ដ្រីទាំងអស់ក៏បានផ្លាស់ប្ដូរទស្សនៈ ថាតើអាស៊ានអាចជួយដល់ប្រទេសមីយ៉ាន់ម៉ាយ៉ាងដូចម្តេច និងតួនាទីរបស់មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ពាក់ព័ន្ធនឹងបញ្ហានេះ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាស៊ានបានកត់សម្គាល់ពីការបន្តធ្វើឲ្យ ប្រសើរឡើងនូវកិច្ចសហការរវាងអាស៊ាន និងចិន និងបានកោតសរសើរចំពោះវឌ្ឍនភាព នៃការចរចាដ៏មានសារៈសំខាន់ឆ្ពោះទៅការបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) មួយប្រកបដោយប្រសិទ្ធភាព ហើយនៅទីបញ្ចប់ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះប្រធានអាស៊ាន ឆ្នាំ២០១៩ និងរំពឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីសម្រេចឲ្យបាននូវអាទិភាពទាំងអស់ខាងលើ៕
Source: Kampuchea Thmey Daily
0 Comments