Ad Code

លោក Trump និង​លោកស្រី Pelosi ប៉ះទង្គិច​គ្នា​ម្តងទៀត ​ប៉ុន្តែ​អ្នកផ្សេង​មើលឃើញ​ច្រក​ចេញពី​ភាព ជាប់គាំង



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​វាយប្រហារ​ទៅលើ​អ្នកប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi កាលពី​ថ្ងៃអាទិត្យ​ហើយ​លោកស្រី​បាន​ទទូច​ជាថ្មី​ម្តង​ទៀតថា គាត់​ត្រូវតែ​បញ្ចប់​ការបិទ​រដ្ឋាភិបាល​មុនពេល​កិច្ចចរចា​អំពី​សន្តិសុខ​ព្រំដែន​អាច​ចាប់ផ្តើមបាន​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គេ​ឃើញ​មានលទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​

លោក Trump បាន​រិះគន់​នៅលើ Twitter មួយថ្ងៃ​បន្ទាប់ពី​លោកស្រី Pelosi ដែលជា​ប្រធានសភា​បាន​ច្រានចោល​សំណើ​របស់លោក Trump ក្នុងការ​ពង្រីក​ការការពារ​បណ្តោះអាសន្ន​ដល់​ជនអន្តោប្រវេសន៍​ប្រហែល​មួយ​លាន​នាក់​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​សម្រាប់​ជញ្ជាំង​ដែល​លោក​ចង់បាន​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​

ការបិទ​រដ្ឋាភិបាល​គឺជា​បញ្ហានយោបាយ​ដែល​បានកើត​ឡើង​នៅក្នុង​រដ្ឋបាល​ផ្សេងៗ​ហើយ​ស្ទើរតែ​មានតែ​មួយគត់​ចំពោះ​ប្រព័ន្ធ​អាមេរិក​។ ប៉ុន្តែ​ការបិទ​រដ្ឋាភិបាល​មួយ​នេះ​គឺជា​កំណត់ត្រា​វែង​បំផុត​។ វា​បានធ្វើ​ឲ្យ​បុគ្គលិក​សហព័ន្ធ​ប្រហែល​៨០០,០០០​នាក់​មិនមាន​ប្រាក់​ឈ្នួល​។ ក្នុងចំណោម​ពួកគេ​មានដូចជា​មន្ដ្រី​សន្តិសុខ​ព្រលានយន្តហោះ​, ភ្នាក់ងារ FBI, បុគ្គលិក​សារមន្ទីរ​និង​សមាជិក​ឆ្មាំ​សមុទ្រ​។​

លោក​ប្រធានាធិបតី​បាន​បង្ហោះ​Twitter ថា លោកស្រី Nancy Pelosi បាន​ប្រព្រឹត្ត​ទង្វើ​មិន​សម​ហេតុ​សម​ផល​ហើយ​រហូតមកដល់​ពេលនេះ​លោកស្រី​បាន​ក្លាយជា​អ្នកប្រជាធិបតេយ្យ​រ៉ាឌីកាល់​ជា​ផ្លូវការ​។​

វា​គឺជា​ការវាយប្រហារ​ដោយផ្ទាល់​បំផុត​របស់លោក Trump ទៅលើ​លោកស្រី Pelosi ចាប់តាំងពី​ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​បានចាប់ផ្តើម​ហើយ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​អារម្មណ៍​ខឹងសម្បា​។​

ដោយ​មិន​អើពើ​នឹង​មតិ​របស់លោក Trump, លោកស្រី Pelosi បាន​ប្រើប្រាស់ Twitter ដូចគ្នា​ដោយ​សង្កត់ធ្ងន់​លើ​សេចក្តីត្រូវការ​ដើម្បី​បញ្ចប់​ការជាប់គាំង​នេះ​ដែល​បានធ្វើ​ឲ្យ​មានការ​ឈឺចាប់​កាន់តែខ្លាំង​ឡើង​បន្ទាប់ពី​រយៈពេល​មួយខែ​។​

លោកស្រី​បាន​បង្ហោះ​ថា “​បើក​រដ្ឋាភិបាល​ឡើងវិញ អនុញ្ញាត​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់ខែ​ហើយ​បន្ទាប់មក​យើង​អាច​ពិភាក្សា​ពី​របៀប​ដែល​យើង​អាច​រួមគ្នា​ដើម្បី​ការពារ​ព្រំដែន​”​។​

ខណៈពេលដែល​លោកស្រី Pelosi និង​អ្នកប្រជាធិបតេយ្យ​ដទៃទៀត​បាន​ច្រានចោល​សំណើ​របស់លោក Trump នោះ ពួកគេ​បាន​ទទូចថា វា​តំណាង​ឲ្យ​ចលនា​ពិតប្រាកដ​របស់លោក​ប្រធានាធិបតី​។​

លោក​អនុ​ប្រធានាធិបតី Mike Pence ដែល​ដឹកនាំ​ទំនាក់ទំនង​រដ្ឋបាល​ជាមួយ​សភា​បាន​និយាយថា ព្រឹទ្ធសភា​នឹងដាក់​សំណើសុំ​ឲ្យ​មានការ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​។ លោក​បាន​ហៅ​វា​ថា​ជា “​ការសម្រុះសម្រួល​ដោយស្មោះ​ត្រង់​”​។​

ការបោះឆ្នោត​ដែល​បានគ្រោង​ទុក​នេះ​ក៏​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​ដោយ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell ផងដែរ​។ លោក​ធ្លាប់បាន​ទទូចថា លោក​នឹងមិន​ទទួលយក​សេចក្តីព្រាងច្បាប់​បិទ​រដ្ឋាភិបាល​ណាមួយ​ឡើយ​លុះត្រាតែ​លោក Trump និង​មេដឹកនាំ​ប្រជាធិបតេយ្យ​គាំទ្រ​វា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu