ចំនួនអ្នកស្លាប់ដោយសារការផ្ទុះដ៏ខ្លាំងក្លាមួយនៅកណ្តាលប្រទេសម៉ិកស៊ិក បានកើនឡើងដល់៧៩នាក់ កាលពីថ្ងៃអាទិត្យ ខណៈអាជ្ញាធរបានប្ដេជ្ញាថា នឹងដាក់ទោសអ្នក ដែលទទួលខុសត្រូវចំពោះការមានចេតនាធ្វើឲ្យលេចធ្លាយប្រេងឥន្ធនៈ ដែលបានទាក់ទាញមនុស្សរាប់រយនាក់ឲ្យទៅប្រមូលប្រេងមុនពេលវាផ្ទុះ។
ការស្វែងរកសាកសពមនុស្សនៅកន្លែងផ្ទុះក្នុងរដ្ឋ Hidalgo បានបញ្ចប់នៅយប់ថ្ងៃសៅរ៍។ ខណៈពេលដែលក្រុមគ្រួសារបានចាប់ផ្តើមបញ្ចុះសពនោះ ក្រុមមន្ត្រីបានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត។
រដ្ឋមន្ត្រីសុខាភិបាលលោក Jorge Alcocer បាននិយាយថា មនុស្សចំនួន៦៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ Hidalgo ហើយអ្នកដទៃទៀតដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគឺត្រូវបានបញ្ជូនទៅទីក្រុង Mexico City សម្រាប់ការព្យាបាលពីសំណាក់គ្រូពេទ្យមានឯកទេស។
លោក Alcocer បាននិយាយថា សាកសពមនុស្សចំនួន៦នាក់បន្ថែមទៀតត្រូវបានរកឃើញមុនពេលការស្វែងរកបានបញ្ចប់ដែលជាហេតុធ្វើឲ្យចំនួនមនុស្សស្លាប់ពីអគ្គិភ័យកាលពីថ្ងៃសុក្រកើនឡើងដល់ទៅ៧៩នាក់។
សមាជិកគ្រួសារនៃជនរងគ្រោះបានអំពាវនាវដល់រដ្ឋាភិបាលឲ្យបន្តការស្វែងរកសាកសព។
ពិធីបុណ្យសពបានចាប់ផ្តើមរួចទៅហើយប៉ុន្តែការប្រគល់សាកសពនៅតែមានភាពយឺតយ៉ាវដោយសារតែជនរងគ្រោះជាច្រើនត្រូវរលាករាងកាយមើលលែងស្គាល់។
រដ្ឋអាជ្ញារដ្ឋ Hidalgo បាននិយាយថា អ្នកស្លាប់ចំនួន៥៤នាក់ក្នុងចំណោមនោះគឺមិនអាចកំណត់អត្តសញ្ញាណបានឆាប់រហ័សទេហើយត្រូវទាមទារឲ្យមានការវិភាគ DNA ។
គួរបញ្ជាក់ជាថ្មីថា មនុស្សរាប់រយនាក់ត្រូវបានគេអូសទាញឲ្យទៅកន្លែងដែលចោរលួចយកប្រេងនៅក្នុងទីក្រុង Tlahuelilpan ។
រូបភាពដែលថតដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ប្រេងឥន្ធនៈបានហូរចេញពីបំពង់ខណៈមនុស្សបានប្រមូលផ្តុំគ្នានៅលើទីតាំងនោះដោយប្រើធុងដើម្បីប្រមូលប្រេងសាំង៕ AFP
Source: Kampuchea Thmey Daily
0 Comments