ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗបានអញ្ជើញចុះពិនិត្យការសាងសង់កីឡដ្ឋានវិសាខា របស់ក្លិបបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ហើយឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីត្រៀមរដូវកាលថ្មី និងរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា។
វិបសាយរបស់ក្លិបវិសាខា បានស្រង់សម្តីប្រមុខបាល់ទាត់ជាតិខាងលើថា កីឡដ្ឋានវិសាខា បានសាងសង់ស្របតាមបច្ចេកទេស និងស្ដង់ដារត្រឹមត្រូវ ពិសេសការរៀបចំកន្លែងអង្គុយទស្សនា គឺមានលក្ខណៈល្អប្រសើរ ដែលអាចផ្ទុយអ្នកគាំទ្របានប្រមាណ ៥.០០០នាក់។ មិនតែប៉ុណ្ណោះ ឯកឧត្តមបានជំរុញក្លិបផ្សេងៗ ដែលមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួន គួរយកគំរូតាមកីឡដ្ឋានវិសាខា ហើយសហព័ន្ធ ក៏នឹងយកគំរូនេះ ទៅអភិវឌ្ឍន៍តាមខេត្ត សម្រាប់គម្រោងអភិវឌ្ឍន៍សាលាបាល់ទាត់ទូទាំង ២៥រាជធានី-ខេត្តផងដែរ។
សូមបញ្ជាក់ថា មកទល់ពេលនេះ កីឡដ្ឋានវិសាខា បានសាងសង់ជិតរួចរាល់ស្ថាពរហើយ ជាក់ស្ដែងកាលពីពេលថ្មីៗ ក្លិបទើបបានបំពាក់កៅអីអង្គុយ សម្រាប់បងប្អូនអ្នកគាំទ្រអញ្ជើញចូលរួមទស្សនាជាង ៤.០០០កៅអី ខណៈបន្ទប់ការិយាល័យ បន្ទប់ស្នាក់នៅ បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ញាំអាហារទាំងក្រុមធំ និងក្រុមតូច រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត កំពុងសម្អាត និងរៀបចំ ដែលគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ។
ក្រុមវិសាខា បានបង្កើតឡើងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដម ស សុខា នៅកាលនោះ។ បច្ចុប្បន្នក្លឹបមានកីឡាករជាង៣០នាក់ ដែលមានលោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើរតួធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូនប្រុសបង្កើតធ្វើជាគ្រូបង្វឹក។ ក្រុមវិសាខា បានកសាងកីឡដ្ឋានថ្មីផ្ទាល់ខ្លួន មានទីតាំងនៅតាមផ្លូវលេខ៥៩៨ ខាងឆ្វេងដៃខ្លោងទ្វារ Grand Phnom Penh។
សូមរំលឹកថា ចំពោះក្រុមវិសាខា បានបញ្ចប់រដូវកាលចាស់របស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្លិបជាសមាជិកទាំង១២ ក្រោយប្រកួត២២លើក ឈ្នះបាន១៤លើក ហើយស្មើគ្នា៣លើក និងចាញ់៥លើក។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមវិសាខា បានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ២ទល់១៕
Source: Kampuchea Thmey Daily
0 Comments