Ad Code

យុវជន​ម្នាក់​ បាន​រង​របួស​ធ្ងន់ បន្ទាប់ពី​ជន​មិន​ស្គាល់​មុខ​យក​កាំភ្លើង​កែច្នៃ​បាញ់



រតនគិរី​ ៖​ យុវជន​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ប៉ុនប៉ង​មនុស្សឃាត ​ដោយ​យក​អាវុធ​កែច្នៃ​​​បាញ់​​ត្រូវ​មួយ​គ្រាប់​ចំ​ភ្លៅ​ខាង​ស្តាំ​របួស​ជា​ទម្ងន់។

​ករណី​ប៉ុនប៉ង​មនុស្សឃាត​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៩​នាទី​យប់​ថ្ងៃ​ច័ន្ទ ៩​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងត្បូង​បឹង​កន្សែង ស្ថិតក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជន​រងគ្រោះ​ឈ្មោះ នឿន វីវ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ​​ធ្វើ​សកម្មភាព​បាញ់​​មួយ​គ្រាប់​ត្រូវចំ​ភ្លៅ​ខាងស្តាំ ក្នុង​ខណៈ​​ជនរងគ្រោះ ​​ឈប់​ម៉ូតូ​នៅ​ក្បែរ​សួនច្បារ​ខាងត្បូង​បឹង​កន្សែង។ ក្រោយពី​​ធ្វើ​សកម្មភាព​រួចមក ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់ស្រមោល​។​

​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​ ​ចុះ​មកដល់​កន្លែងកើតហេតុ​ បាន​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។ ក្រោយ​ការវះកាត់​ឃើញ​មាន​គ្រាប់កង់​មួយគ្រា​ប់​បៀម​ជាប់​នឹង​ភ្លៅ​ជនរងគ្រោះ​។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​ បាន​លុង​ធ្វើ​ការចុះ​ស្រាវជ្រាវ​តាមរក​មុខសញ្ញា​ជនដៃដល់​ចាប់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu