ក្លិបបាល់ទាត់ Hoang Anh Gia Lai សមាជិកពានរង្វាន់លីគកំពូលប្រទេសវៀតណាម (V-League) ដែលលោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ទើបចូលរួមក្រុមការងារគ្រូបង្វឹក បានឈ្នះពានរង្វាន់ត្រៀមរដូវកាលថ្មី BTV Cup 2018 កាលថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨ ថ្មីៗនេះ។
ពានរង្វាន់ BTV Cup 2018 មានក្រុមចូលរួមចំនួន៥ក្រុមគឺ Becamex Bình Dương,Sài Gòn, SHB Đà Nẵng,Hanyang University (កូរ៉េខាងត្បូង) និងHoàng Anh Gia Lai ដោយប្រកួតពីថ្ងៃទី២០ ដល់៣០ ខែធ្នូ ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានSân vận động Gò Đậu ក្នុងខេត្តBình Dương។ ក្រុមទាំង៥ត្រូវប្រកួតប៉ះគ្នាវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯក។ មុនក្លាយជាម្ចាស់ជើងឯក Hoàng Anh Gia Lai បានយកឈ្នះ SHB Đà Nẵng ៤ទល់១ ហើយ Sài Gòn ២ទល់១ បន្តឈ្នះក្រុម Hanyang University ១ទល់០ តែចុងក្រោយចាញ់ម្ចាស់ផ្ទះBecamex Bình Dương ៤ទល់១។
សូមបញ្ជាក់ថាយោងតាមវិបសាយ Zing របស់វៀតណាម បានចេញសេចក្តីរាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី២៨ខែ ធ្នូ ឆ្នាំ២០១៨ សប្ដាហ៍មុនថា លោក Lee ត្រូវបានក្លិប Hoàng Anh Gia Lai សមាជិកពានរង្វាន់លីគកំពូលប្រទេសវៀតណាម តែងតាំងធ្វើជានាយកបច្ចេកទេស ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ។ ដំណើរទៅដល់របស់លោក Lee គឺមិនប៉ះពាល់ដល់តំណែងរបស់លោក Duong Minh Nin ដែលជាគ្រូបង្វឹកនោះទេ ប៉ុន្តែក្លិបចាត់ទុកថាសមាជិកថ្មីនេះនឹងជួយរៀបចំក្រុមឱ្យបានល្អឡើងវិញ ក្រោយក្លិបធ្វើមិនល្អកាលពីរដូវកាលឆ្នាំ២០១៨កន្លងទៅ។
សូមរំលឹកថាក្រោយពេលលោក Lee បោះបង់កៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១៧ ដោយចេញទៅដឹកនាំក្រុម U15 សាលាបាល់ទាត់ជាតិ តំណែងនេះជំនួសវិញដោយលោក Leonardo Vitorino ម្តង ខណៈក្រុមមកទៀតលោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានចូលខ្លួនដឹកនាំបណ្តោះអាសន្នមុនHonda Keisuke មកដល់កាលពីដើមឆ្នាំ។
ចំពោះលោក Lee Tae Hoon ពេលនេះកំពុងកាន់អាជ្ញាប័ណ្ណ AFC Pro License ធ្លាប់បានចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចំនួន៣លើក មកហើយខណៈលើកដំបូងធ្វើឡើងពីខែ សីហា ឆ្នាំ ២០១០ ដល់ ខែ កក្កដា ឆ្នាំ ២០១២ ហើយលើកទី២ ចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៣ ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៥ និង លើកទី៣ នេះចាប់ពីខែ សីហា ឆ្នាំ ២០១៥ ដល់ ធ្នូ ២០១៦។ ក្រោយមកទៀតរហូតមកដល់បច្ចុប្បន្នលោកបានធ្វើជាគ្រូបង្វឹកក្រុមយុវជនថ្នាលក្រោមអាយុ១៥ឆ្នាំនៅសាលាបាល់ទាត់ជាតិបាទីវិញម្តង៕
Source: Kampuchea Thmey Daily
0 Comments