បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ដែលសង្ស័យថា កន្លងមកបានធ្វើសកម្មភាពចែកចាយយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកកំរៀង ឃាត់ខ្លួនបានជាបន្តបន្ទាប់ រួមជាមួយនឹងថ្នាំញៀនជិតមួយពាន់គ្រាប់ ខណៈដែលជនសង្ស័យទាំងនេះកំពុងប្រព្រឹត្តជាក់ស្ដែង។
តាមការលើកឡើងរបស់ លោក គឹម ពន្លក អធិការ នគរបាលស្រុកកំរៀងបានបញ្ជាក់ថា បន្ទាប់ពីបានទទួលនូវសេចក្ដីរាយការណ៍រួចមក លោកបានចាត់តាំងកម្លាំងផ្នែកជំនាញ ចុះទៅកាន់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។
លោកអធិការបានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ជ សុផា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ព្រមទាំងបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ៥០គ្រាប់ និង ម៉ូតូម៉ាកឃ្លីកមួយគ្រឿងផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ក្រោយពីទទួលបាននូវចម្លើយសារភាពរួចមក លោកអធិការបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា នួន សាន ដើម្បីបន្តកិច្ចប្រតិបត្តិការមួយទៀត នៅក្នុងភូមិសាស្ត្រដដែល ដែលជនសង្ស័យរូបនោះមាន ឈ្មោះ ធូ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ។
ក្នុងការឆែកឆេរលំនៅដ្ឋាន សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៦៨៨គ្រាប់ បន្ថែមទៀត និងប្រាក់រៀលចំនួន៣៥.២០០រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកកំរៀងរៀបចំឯកសារ ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តហើយ ក្នុងការចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments