ស្ទឹងត្រែង ៖ យុវជនម្នាក់ ជិះម៉ូតូឆ្លងផ្លូវមិនបានមើល ដោយសារមានរថយន្តមួយគ្រឿងចតនៅចិញ្ចើមផ្លូវបាំងរថយន្តកូរ៉េ 2 តោនកន្លះ បុកពេញទំហឹង ធ្លាក់ចូលប្រឡាយ កិនម៉ូតូពីលើខ្ទេច របួសធ្ងន់ស្ទើរគ្មានសង្ឃឹម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ 5និង30នាទីល្ងាច ថ្ងៃទី18 ខែមករា ឆ្នាំ2014 ត្រង់ចំណុចផ្លូវចុះទួលមួយកន្លែង ស្ថិតក្នុងភូមិអូរឫស្សី ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបុកនោះមាន ឈ្មោះ កូ ហ្វាហិត ភេទប្រុសអាយុ18ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គេបានឃើញយុវជនម្នាក់ ជាជនរងគ្រោះ បានជិះម៉ូតូម៉ាកស្កូពី ពណ៌ក្រហម គ្មានស្លាកលេខស៊េរីឆ្នាំ2017 មកឈប់មុខឡានមួយគ្រឿងចត នៅចិញ្ចើមផ្លូវ ហើយចេញមកមិនបានមើល ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកកូរ៉េ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E3392 បើកចុះមកជៀសរថយន្តចតស្ងៀម បានបុកម៉ូតូពេញទំហឹងតែម្ដង ធ្វើឲ្យរថយន្តធ្លាក់ចូលប្រឡាយកិនលើម៉ូតូខ្ទេចតែម្ដង ចំណែកមនុស្សធ្វើឲ្យរបួសធ្ងន់ ស្ទើរតែគ្មានសង្ឃឹមត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញភ្លាមៗតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានចុះមកធ្វើការវាស់វែង និងនិងស្ទូចយករថយន្តបង្ក រួមទាំងម៉ូតូជនរងគ្រោះយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
ចំណែកតៃកុងរថយន្ត កំពុងឃាត់ខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments