Ad Code

លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ព្រែកកំពឹស



ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​០៦ ខែមករា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង អមដំណើរ​ដោយ​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ក្នុង​មូលដ្ឋាន សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ជាង​៥០០​នាក់ ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ព្រមជាមួយ​ស្នាមញញឹម​រុះ​រាយ​រាក់ទាក់​ប្រកបដោយ​មនោសញ្ចេតនា​ស្រឡាញ់​ស្និត​ស្នាល​និង​នឹករលឹក​។

ដូច​តាម​ទម្លាប់​មុនៗ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​រៀប​ចំ​អាហារសម្រន់ មាន​នំប៉័ង​សាច់ ទឹក​សុទ្ធ ទឹកអំពៅ យក​មក​បរិភោគ​រួមគ្នា​ជាមួយ​ក្រុមការងារ​និង​ប្រជាពលរដ្ឋ​ប្រកបដោយ​កាយវិការ​សាមញ្ញ​ស្និទ្ធស្នាល ប្រៀប​ដូច​សាច់ញាតិ​តែមួយ ដែល​បង្ហាញ​ពី​ភាពសុខដុមរមនា​ក្រោម​ដំបូល​សន្តិភាព​។



មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បាន​លើកឡើង​ពី​ប្រវត្តិសាស្ត្រ​នៃ​សន្តិភាព​និង​ការបង្រួបបង្រួម​ឯកភាព​ជាតិ​របស់​កម្ពុ​ជា គឺ​មិន​ធ្លាប់មាន​ទេ ក្នុង​រយៈកាល​ជាង ៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ ទើប​តែមាន​ក្នុងសម័យ​តេ​ជោ​នេះ​ប៉ុណ្ណោះ ដែល​សន្តិភាព និង​ការបង្រួបបង្រួម​ឯកភាព​ជាតិ​ជាតិ​នេះ គឺ​រកបាន​ឡើង​ដោយ​លំបាក និង​ឆ្លងកាត់​ការតស៊ូ​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត អស់​ជាច្រើន​ដំណាក់កាល របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួមជាមួយ​ឥស្សរជន​សំខាន់ៗ​និង​វីរ​យុទ្ធជន​ខ្មែរ​ជាច្រើន​ទៀត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង លើកឡើង​បន្ថែម​ថា មានតែ​ចំណាស់ៗ​ស្របាល​លោក​ឧត្ត​ម​សេនីយ៍​ឡើងទៅ​ទេ ទើប​ដឹង​ច្បាស់ ពី​ប្រវត្តិសាស្ត្រ​ជូរចត់ សាហាវយង់ឃ្នង របស់​បន​ប៉ុលពត​ប្រល័យពូជសាសន៍ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។ ក្នុងសម័យ​កាលនោះ ពលរដ្ឋ​គ្រប់គ្នា​រស់​រងទុក្ខវេទនា ព្រាត់​ប្រាស់​គ្រួសារ ធ្វើការ​លើស​កម្លាំង ហូបចុក​មិន​គ្រប់គ្រាន់ បាត់​សិទ្ធិ​សេរីភាព​ទាំងស្រុង បាត់​ការអប់រំ​រៀនសូត្រ បាត់​អស់​ទំនៀមទម្លាប់​ប្រពៃណី បាត់​ជំនឿ​សាសនា បាត់​វត្ត បាត់​សាលា បាត់​ផ្សារ បាត់​ការ​ទំនាក់​សង្គម សូម្បីតែ​លើកដៃ​បន់ព្រះ​សំពះ​ទេវតា​ស្វែង​ការ​ជួយ​សង្គ្រោះ ក៏​មិន​អាចធ្វើ​ដោយ​ចំហ​បាន​ផង តែ​ជា​ភ័ព្វ​ខ្ពង់ខ្ពស់ ក្នុង​ឆ្នាំ​១៩៧៧ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន បាន​ស្ម័គ្រ​យក​ជីវិត​ខ្លួន ប្រថុយ​ចាកចោល​ប្រពន្ធ​កូន បងប្អូន​ញាតិសន្តាន និង​មិត្តភក្តិ ដើម្បី​ឆ្ពោះ​ទៅ​រក​ការសង្គ្រោះ​ជាតិ រហូត​បង្កើត​បាន​ជា​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ ចូល​រំដោះជាតិ​បាន​ជោគជ័យ​ក្នុង​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ និង​តស៊ូ ស្រោចស្រង់​ជាតិ​ដ៏​កម្សត់​ដោយ​បាត​ដៃទទេ​អស់​ជាច្រើន​ឆ្នាំ​ព្រម​ជា​មួយ​ការ​តតាំង​ទប់ទល់​ការប្រឆាំង របស់​ភាគី​ក្រៅ​រដ្ឋ រហូតដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើប​ខ្មែរ​ទទួល​បាន​សន្តិភាព​ពេញលេញ​ដោយ​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​កម្ពុជា ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ដាក់ចេញ​ចំពោះ​ភាគី​ខ្មែរក្រហម​ដែល​នៅ​សេសសល់ នូវ​លក្ខខណ្ឌ​សំខាន់ ចំនួន ០៣ គឺ ៖ ១.​ការធានា​ចំពោះ​អាយុជីវិត និង រូប​កាយ​, ២.​ធានា​ចំពោះ​អាជីព និង​មុខរបរ និង ៣.​ធានា​ចំពោះ​កម្មសិទ្ធិ រួមទាំង​ចលនទ្រព្យ និង​អចលនទ្រព្យ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បញ្ចប់​នូវ​តំបន់​ត្រួតត្រា​ច្រើន​មកជា​តំបន់​ត្រួតត្រា​តែមួយ​, ទទួល​បាន​ការ​ឯកភាព​ជាតិ​តែមួយ ក្រោម​ម្លប់​បារមី​ព្រះមហាក្សត្រ​តែមួយ រដ្ឋធម្មនុញ្ញ​តែមួយ រាជរដ្ឋាភិបាល​តែមួយ និង​មាន​កងទ័ព​តែមួយ ព្រមជាមួយ​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​។

ដូច្នេះ​ក្នុងនាម​យើង​ទាំងអស់​គ្នា ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​សុខដុមរមនា​ជួបជុំ​គ្រួសារ មានការ​អប់រំ​រៀនសូត្រ មាន​ជំនឿ​សាសនា មាន​ទំនៀមទម្លាប់​ប្រពៃណី មាន​អត្តសញ្ញាណ​ជាតិ​អក្សរ​ភាសា​ផ្ទាល់ខ្លួន ក្រោម​ម្លប់​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ដូច​បច្ចុប្បន្ន ដែល​ពុំ​ធ្លាប់​មាន​ក្នុងពេល ៥០០​ឆ្នាំក្រោយ​សម័យ​អង្គរ​ម​ក​នេះ យើង​ត្រូវ​ចងចាំ​ជានិច្ច​នូវ​ថ្ងៃជ័យ​ជំនះ នៃ​ការ​រំដោះជាតិ ៧​មករា ១៩៧៩ និង​ថ្ងៃ​ជោគជ័យ នៃ​ការបង្រួបបង្រួម​ឯកភាព​ជាតិ ២៩​ធ្នូ ១៩៩៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu