ក្លិបបាល់ទាត់PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) ដែលឈរចំណាត់ថ្នាក់លេខ៣ឆ្នាំ២០១៨ ក្នុងពានរង្វាន់លីគកំពូលម៉ាឡេស៊ី (2018 Malaysia Super League) បានដាក់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដើម្បីយកទៅចូលរួមក្នុងក្រុមត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ។
យោងតាមការចេញផ្សាយរបស់សាព័ត៌មានម៉ាឡេស៊ី បានបញ្ជាក់ថាលោកDatuk K. Rajagobal ដែលជាគ្រូបង្វឹករបស់ក្រុម PKNS បានសម្លឹងមើលកីឡាករ ចាន់ វឌ្ឍនាកា របស់កម្ពុជា និងកីឡាករGabriel Quak របស់សឹង្ហបុរី ដើម្បីចូលរួមក្នុងក្រុមបំពេញកូតារកីឡាករអាស៊ានក្នុងរដូវកាលថ្មីឆ្នាំ២០១៩ ឆាប់ៗនេះ។ ក្រុម PKNS នៅពេលនេះកំពុងតែចេញទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសសឹង្ហបុរី ដោយត្រូវជួបក្រុមYoung Lions ក្នុងប្រកួតមិត្តភាពនៅថ្ងៃទី១៣ ខែមករា ហើយនៅថ្ងៃទី១៦ ខែមករា បន្តជួបក្រុមGeylang International វិញម្តង។
ចំពោះកីឡាករ ចាន់ វឌ្ឍនាកា វិញស្ថិតនៅក្នុងសមភាពអាថ៌កំបាំងនៅឡើយដោយមិនច្បាស់ថារូបគេបន្តលេងនៅក្លិបបឹងកេត ឬចាកចេញនោះទេ។ ប៉ុន្តែយើងដំណឹងល្ហេចល្ហៀងមួយបញ្ជាក់ថារូបគេទំនងបន្តអាជីពនៅក្រៅប្រទេសមួយរយៈទៀត ទោះបីជាដំណើរទៅក្រៅស្រុក២លើកកន្លងមកហាក់មិនសមប្រកបចំពោះអាជីពគេក៏ដោយ។
សូមបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា ជាអតីតយុវជនរបស់ក្លិបព្រះខ័នរាជស្វាយរៀង (ព្រះខ័នរាជ) ដែលចាប់អាជីពដំបូងកាលពីឆ្នាំ២០១១ នៅក្នុងឈុតធំក្រុមនេះ ស្របពេលនៅឆ្នាំ២០១២ រូបគេបានផ្ទេរទៅកាន់ក្លិបបឹងកេត រហូតដល់ចុងឆ្នាំ២០១៦ មុនចេញទៅជប៉ុន ដោយចូលរួមជាមួយក្លិប Fujieda MYFC សមាជិកពានរង្វាន់លីគលំដាប់ទី៣ (J3-league)។ នៅដើមឆ្នាំ២០១៨ ក្រោយចប់កិច្ចសន្យានៅប្រទេសជប៉ុន ចាន់ វឌ្ឍនាកា បានបន្តដំណើរទៅប្រទេសម៉ាឡេស៊ី ជាមួយ Pahang FA តែពាក់កណ្តាលរដូវកាលបានត្រឡប់មកចូលរួមជាមួយក្រុមបឹងកេត របស់កម្ពុជា វិញម្តង។
រូបគេធ្លាប់ឈ្នះពានរង្វាន់ឯកជនជាច្រើនទៀតដូចជាពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ២០១២ ដែលផ្ដល់ដោយគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា នៅឆ្នាំ២០១៣ ឈ្នះស្បែកជើងមាស ក្នុងពានរង្វាន់សម្តេចតេជោ ឆ្នាំ២០១៤ ឈ្នះពានកីឡាករល្អប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ហើយឆ្នាំ២០១៥ រក្សាពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជា និងជាម្ចាស់ស្បែកជើងមាសប្រចាំរដូវកាលនិងស្បែកជើងមាសក្នុងពានរង្វាន់ Toyota Mekong Club Championship 2015។ នៅឆ្នាំ២០១៦ រូបគេរក្សាពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជា និងជាម្ចាស់ស្បែកជើងមាសប្រចាំរដូវកាលបានដដែល៕
Source: Kampuchea Thmey Daily
0 Comments