ក្រោយបញ្ចប់បេសកកម្មដឹកនាំជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 លោក Keisuke Honda ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម បានធ្វើដំណើរទៅប្រកបអាជីពជាកីឡាករបាល់ទាត់វិញនៅប្រទេសអូស្ត្រាលី ជាមួយក្លិបMelbourne Victoty សមាជិកពានរង្វាន់លីគកំពូលប្រទេសអូស្ត្រាលី(A-League)។
ពានរង្វាន់លីគកំពូលរបស់ប្រទេសអូស្ត្រាលី បានធ្វើដំណើរចំនួន១១ប្រកួតមកហើយ ខណៈប្រកួតចុងក្រោយក្នុងពានរង្វាន់ A-League ក្រុមMelbourne Victory បានយកឈ្នះក្រុមម្ចាស់ផ្ទះWESTERN SYDNEY WANDERERS ២ទល់១ លើទីលានកីឡដ្ឋានANZ Stadium កាលពីថ្ងៃទីសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ ថ្មីៗនេះ។ លោកMuscat ដែលជាគ្រូបង្វឹកមិនអាចដាក់កីឡាករ Keisuke Honda ឲ្យចូលរួមប្រកួត៣លើកជាប់ៗគ្នាមកហើយ ខណៈរូបគេកំពុងសម្រាកព្យាបាលរបួសត្រគាកខាងស្តាំ។
ក្រុម Melbourne Victoty កំពុងឈរចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១០ ពោលគឺប្រកួតឈ្នះ៧លើក ស្មើគ្នា២លើកនិងចាញ់២លើក។ ចំពោះកីឡាករ Honda វិញទោះបីជាខកខានបង្ហាញខ្លួន២ប្រកួតជាប់គ្នាក៏ដោយ តែរូបគេធ្លាប់បានរកបានគ្រាប់បាល់ចំនួន៥គ្រាប់ម្នាក់ឯងឱ្យក្រុមក្នុងចំណោមប្រកួតកន្លងមកនេះផងដែរ។ សម្រាប់ប្រកួតបន្ទាប់ក្នុងសប្ដាហ៍ទី១២ ក្រុម Melbourne Victory ត្រូវប៉ះម្ចាស់ផ្ទះAdelaide United នៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ខាងមុខ។
កីឡាករ Keisuke Honda បានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបថ្មីនៅប្រទេសអូស្ត្រាលី នៅដែលកន្លងទៅគឺក្លិបMelbourne Victoty ខណៈរូបគេធ្លាប់បានរក៣៧គ្រាប់ និងលេងបាន៩៨ប្រកួតឲ្យជម្រើសជាតិជប៉ុន។ រូបគេបានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិក្រោយ 2018 FIFA World Cup នៅប្រទេសរុស្ស៊ី ចប់នៅពេលក្រុមជម្រើសជាតិជប៉ុនធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ។
កីឡាករ Keisuke Honda បានចាប់អាជីពបាល់ទាត់ដំបូងនៅក្នុងក្លិប Nagoya Grampus ក្នុងប្រទេសកំណើតរបស់ខ្លួនចាប់ពីឆ្នាំ ២០០៤ ដល់២០០៧ ស្របពេលនៅឆ្នាំ២០០៧ ដល់២០០៩ ផ្លាស់ទៅលេងក្នុងក្លិប VVV-Venlo ក្នុងប្រទេសហុល្លង់ ហើយ នៅឆ្នាំ ២០០៩ ដល់ ២០១៣ បានផ្លាស់ទៅកាន់ក្លិប CSKA Moscow របស់ប្រទេសរុស្សី មុនផ្លាស់ទៅកាន់ AC Milan របស់អ៊ីតាលី នៅចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ខណៈរដូវកាល២០១៧នេះប្តូរទៅលេងនៅក្លិប Pachuca លីគកំពូលប្រទេសម៉ិចស៊ីកូ។
បើនិយាយពីក្នុងឈុតជម្រើសជាតិវិញ Honda បានជាប់ក្នុងឈុតអាយុក្រោម២០ ឆ្នាំ (U-20) កាលពីឆ្នាំ២០០៥ ហើយចាប់ពីឆ្នាំ២០០៦ ដល់២០០៨ បានចូលរួមជាមួយក្រុម U-23 ជប៉ុន និងចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្នជាប់ក្នុងជម្រើសជាតិជប៉ុនឈុតធំ។ ក្នុងនោះគេធ្លាប់ទទួលបានពានរង្វាន់ឯកត្តជនជាច្រើនទាំងក្នុងប្រទេស ប្រចាំតំបន់ទ្វីបអាស៊ី និងកម្រិតពិភពលោកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments