បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ប្រទាក់ក្រឡាគ្នាដើរបោកពីជនរងគ្រោះជាច្រើននាក់បោកបានប្រាក់មាស លុយជាច្រើនលុះនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទឹម សាវួន ភេទ ស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យស្តីពីជនសង្ស័យម្នាក់បានល្បួងឲ្យខ្លួនបាញ់បោកអស់ប្រាក់ជាច្រើនពាន់ដុល្លាក្រោយពីបានទទួលពាក្យប្តឹងហើយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថក្រុងភ្នំពេញបានចុះបង្ក្រាបជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ ឌី ហួរ ភេទប្រុស អាយុ៥៤ឆ្នាំ នៅចំណុចផ្ទះសំណាក់កៀនឃ្លាំង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅវេលាម៉ោង ១១ព្រឹក ហើយបានបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្តដើម្បីសាកសួរបន្ត។
លោកវរសេនីយ៍ឯកម៉ែនភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ នៅអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យ បានជិះរថយន្តម៉ាក HONDA CRV មកហូបបង្អែមរបស់ជនរងគ្រោះខ្លួន ដោយធ្លាប់ស្គាល់គ្នាពីមុន ជនសង្ស័យក៏បានបបួលខ្លួនទៅហូបអាហារនៅតាមហាងផ្សេងៗ ដោយតម្រូវទៅតាមចិត្តរបស់ខ្លួនចង់ទៅហាងមួយណាក៏បាន ក្រោយពេលត្រូវគ្នា និងពេលកំពុងហូបអាហារ ជនសង្ស័យខាងលើ បានហៅទូរស័ព្ទទៅអ្នកផ្សេងទៀតមិនស្គាល់ឈ្មោះហើយនិយាយពីរឿងទិញលក់វត្ថុបុរាណក្នុងតម្លៃ ២៦.០០០ដុល្លា ក្រោយពីជន ២នាក់ទៀត បានមកដល់ និងពិនិត្យលើទំនិញរួចមក ជនសង្ស័យក៏បានដកប្រាក់ដុល្លា ចំនួន៣ដុំមិនដឹងចំនួនទៅឲ្យជន២នាក់ ដែលជាអ្នកលក់ហើយនិយាយថា ប្រាក់ដែលខ្វះប៉ុន្មានចាំលក់ទំនិញដាច់ចាំគិតគូរគ្នាទៀត ពេលនោះអ្នកលក់ទាំង២នាក់ បានតបថា មិនអាចខ្វះបានទេ បើប្រាក់មិនគ្រប់ គេមិនទាន់ឲ្យទំនិញទេ ពេលនោះជនសង្ស័យបានសួរជនរងគ្រោះតើមានប្រាក់មួយចំនួនទេ ជួយចេញបង្គ្រប់មក ហើយទំនិញនេះឲ្យខ្លួនជាអ្នកទុកពេលលក់បានប្រាក់ គេនឹងសងប្រាក់ដែលខ្ចីនោះវិញ ក្រោយពីជនរងគ្រោះឲ្យប្រាក់បង្គ្រប់ហើយបន្ទាប់មកជនសង្ស័យក៏ចេញទៅបាត់ដំណឹងតែម្តង ដោយទុកទំនិញឲ្យជនរងគ្រោះជាអ្នករក្សាទុក។
ដោយចម្លើយសារភាពរបស់ជនសង្ស័យដោយទទួលបទបញ្ជាជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ឲ្យចុះស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាបន្ត រហូតឃាត់ខ្លួនជនសង្ស័យជាអ្នកលក់ទំនិញបានចំនួន២នាក់ បន្ថែមទៀត ១ឈ្មោះ មួន ង៉ូវ ហៅ ម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅចំណុចស្ពានក្រឡ ស្ថិតនៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ខុន វុទី្ធ ហៅ យិន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ឃាត់ខ្លួននៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណនិងរឹបអូសវត្ថុតាងរួមមាន រថយន្តម៉ាក HONDA CRV ១គ្រឿងរថយន្តម៉ាក CAMRY ស៊េរីឆ្នាំ១៩៩៨ មួយគ្រឿងម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ ២០១៣ មួយគ្រឿងរូបសំណាកធ្វើអំពីស្ពាន់ ចំនួន២អង្គ មួយអង្គប្រវែង ២៨ស.មខ្សែកច្រវាក់ឆាប លោហធាតុពណ៌លឿង កាឡៃ ២ខ្សែ១ប្រវែង ៧៦ស.ម ២ប្រវែង ៧២ស.មខ្សែកម៉ូតព្រលិតកាច់ លោហធាតុពណ៌លឿង កាឡៃ) ប្រវែង ៧២ស.ម ១ខ្សែ ប្រវែង ៧២ស.ម ប្រាក់ដុល្លាក្លែងក្លាយប្រាក់ដុល្លាសែន ចំនួន ៣ដុំ ចំនួន ២.៩០០ដុល្លារ។
ជនសង្ស័យបានសារភាពទៀតថា កន្លងមកខ្លួនបក្សខ្លួនទាំង៣នាក់ បានឆបោកជនរងគ្រោះជាច្រើននាក់មកហើយ នៅទូទាំង ២៥រាជធានីខេត្តដោយខ្លួនដើរតួជាអ្នកទិញនិងលក់វត្ថុបុរាណ ហើយទាក់ទងមិត្តភ័ក្ដិដែលធ្លាប់ស្គាល់គ្នា និងមានទ្រព្យសម្បត្តិច្រើនសមល្មមដែលខ្លួនអាចបោកប្រាស់បាន នាំទៅជាមួយពេលដែលទៅទិញសម្ភារៈពីបក្សពួកខ្លួន ពេលកំពុងទិញ លក់ ខ្លួនធ្វើជាខ្វះលុយកាក់ប្រហែលពាក់កណ្តាលនៃតម្លៃសរុប ហើយសុំខ្ចីបន្ថែមពីមិត្តភ័ក្តិដែលត្រូវនាំទៅឆបោក រួចនិយាយលួងលោមមិត្តភ័ក្តិឲ្យជួយចេញថ្លៃពាក់កណ្តាល ដោយឲ្យរបស់ដែលទិញទៅមិត្តភ័ក្តិជាអ្នកទុកដាក់ និងសន្យាសងប្រាក់ដែលខ្ចីនោះមកវិញ ហើយខ្លួនធ្វើជាចេញទៅរកឈ្មួញទិញលក់បន្ត។ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments