ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ បានប្តេជ្ញាក្នុងនាមជាយុវជនបន្តវេន យកស្មារតី ៧ មករា ដោយអះអាងថា ៤០ឆ្នាំក្រោយ ក្នុងនាមជាយុវជនបន្តវេន បានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ បន្តការពារ បម្រើ និងឆ្លើយតបនូវរាល់តម្រូវការ របស់ប្រជាជនកម្ពុជា ឲ្យស្របនឹងបរិបទថ្មីរបស់ពិភពលោក នៃសកលភាវូបនីយកម្មបច្ចុប្បន្ន”។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ស្មារតី ៧មករាគឺនៅតែស្ថិតស្ថេរជាអមតៈ ព្រោះនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានអ្នកណា អាចក្លែងបន្លំបានឡើយ។ ៧មករា ជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូល រួចផុតពីសេចក្តីស្លាប់ ៧មករា បានបង្កើតឡើងនូវអ្វីៗទាំងអស់ ដែលយើងមាននាថ្ងៃនេះ ជាពិសេសគឺប្រជាធិបតេយ្យ សិទ្ធិសេរីភាព សន្តិភាព ការអភិវឌ្ឍន៍ និងយុត្តិធម៌”។
លោកបានបញ្ជាក់បន្ថែមថា “៤០ឆ្នាំក្រោយ យើងដែលជាយុវជនបន្តវេន បានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ និងប្ដេជ្ញាយកស្មារតី ៧មករា បន្តការពារ បម្រើ និងឆ្លើយតបនូវរាល់តម្រូវការ របស់ប្រជាជនកម្ពុជា ឲ្យស្របនឹងបរិបទថ្មីរបស់ពិភពលោក នៃសកលភាវូបនីយកម្មបច្ចុប្បន្ន”៕
Source: Kampuchea Thmey Daily
0 Comments