ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនយុវជនក្មេងៗចំនួន៦នាក់ កាលពីវេលាអំឡុងយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងមូលដ្ឋានទឹកដីខណ្ឌសែនសុខ ដោយចោទប្រកាន់ ពួកគេពីបទបានប្រើប្រាស់ថ្នាំញៀនខុសច្បាប់។
តាមរបាយការណ៍ផ្លូវការរបស់មន្ត្រីនគរបាលបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើ ត្រូវបានឃាត់នៅតាមផ្លូវលេខ២០០៤ម្តុំមុខក្លឹបផ្លេ ក្នុងសង្កាត់អូរបែកក្អម ឃាត់ខ្លួនបាន ចំនួន៥នាក់ក្រោយពេលត្រួតពិនិត្យល្បាយទឹកនោម រកឃើញមានផ្ទុកនូវសារធាតុញៀន។ ក្រោយមកនៅវេលាម៉ោង១កន្លះរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ឃាត់បានម្នាក់ទៀតនៅតាមផ្លូវក្នុងសង្កាត់ភ្នំពេញថ្មី។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើមានឈ្មោះ ១.សំ សីឡា អាយុ១៨ឆ្នាំ មានទីលំនៅម្តុំសង្កាត់ស្ទឹងមានជ័យ។ ២. ធឿន ឆៃ អាយុ១៦ឆ្នាំ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ។ ៣.ឈ្មោះ យែន ឃីម អាយុ១៨ឆ្នាំ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ។ ៤.ឈ្មោះ រឹម សារ៉េត អាយុ១៦ឆ្នាំ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ។ ៥.ឈ្មោះ ប៉ែន ផានិត អាយុ១៨ឆ្នាំ មានទីលំនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌសែនសុខ។ ៦.ឈ្មោះ រឿន ឌឿន អាយុ១៨ឆ្នាំ មានទីលំនៅភូមិគោករកា ខណ្ឌព្រែកព្នៅ។
ប៉ូលិសនិយាយថា ពួកគេទាំង៦នាក់នឹងត្រូវបញ្ជូនទៅតុលាការហើយតាមច្បាប់ជនដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់នឹងត្រូវតែបញ្ជូនខ្លួនទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនមាន រយៈពេលចន្លោះពី៣ខែទៅ១ឆ្នាំ បើព្យាបាលជាសះស្បើយទើបអាចចេញពីមណ្ឌលកែប្រែបាន តែបើជនដដែលនេះមិនរាងចាលនៅតែប្រព្រឹត្តការសេព(ប្រើប្រាស់)ថ្នាំញៀនដដែលនឹងត្រូវបញ្ជូនទៅដាក់ពន្ធនាគារ (គុក)ព្រៃសវិញម្តង៕
Source: Kampuchea Thmey Daily
0 Comments