Ad Code

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ រឿង​ព្រំដែន គឺជា​រឿង​ទាំងអស់គ្នា ហើយ​ការការពារ​ទឹកដី​ត្រូវ​ធ្វើតាម​គ្រប់​រូបភាព មិនមែន​ទាល់តែ​វ៉ៃ​គ្នា ទើប​ថា​ការពារ​ព្រំដែន​នោះទេ​



​បាត់ដំបង​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក មាន​ប្រសា​ស​ន៍​បែបនេះ នៅក្នុង​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ពុធ ទី​០៩ ខែមករា ឆ្នាំ​២០១៩​។​

ថ្លែង​នៅ​ក្នុង​ពិធី​នោះ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់នាយ​ទាហាន នាយទាហានរង និង​ពលទាហាន​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​កន្លងមក និង​កំពុង​បំពេញភារកិច្ច​បច្ចុប្បន្ន​និង​ត្រៀម​ទៅ​ថ្ងៃ​អនាគត ដើម្បី​បំពេញភារកិច្ច​ការពារ​ជាតិ​បូរណភាព​ទឹកដី សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ​របស់​យើង​។

លោក​បន្តថា ដើម្បី​ថែរក្សា​ប្រៀប​ឈ្នះ និង​ការពារ​ស្ថិរភាព​សង្គម ការងារ​នយោបាយ និង​ការងារ​សន្តិសុខ គឺ​ដើរ​ទន្ទឹមគ្នា គឺ​ការប្រមូល​កម្លាំង​មហាជន ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មហាជន​ផ្ដល់​ជំនឿ​ទៅលើ​កងទ័ព​និង​រាជរដ្ឋាភិបាល ដែល​នេះ​គឺជា​ការចូលរួម​ដ៏​សំខាន់​។​

ថ្លែង​នៅក្នុង​ពិធី​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សាទរ និង​កោតសរសើរ​ចំពោះ​អង្គភាព​នៅក្នុង​យុទ្ធភូមិ​ភាគ​ទី​៥ ដែល​បាន​ចូលរួម​ចលនា​ប្រឡងប្រណាំង​ក្នុងការ​ពង្រឹង​ប្រៀប​ការពារជាតិ និង​ការត្រៀម​លក្ខណៈ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​របស់​យើង​។ ជាមួយនេះ ក៏បាន​កោតសរសើរ​ចំពោះ​យោធភូមិភាគ​ទី​៥ ក្នុង​ការងារ​ទំនាក់ទំនង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​បានល្អ​។​

ទាក់ទង​បញ្ហា​ព្រំដែន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា គឺជា​រឿង​ដែល​យើង​ត្រូវ​ទទួលខុសត្រូវ​ទាំងអស់គ្នា ការការពារ​ទឹកដី​ត្រូវ​ធ្វើតាម​គ្រប់​រូបភាព​ទាំងអស់ មិនមែន​រឿង​ព្រំដែន​ទាល់តែ​យើង​លើកគ្នា​ទៅ​វ៉ៃ​ដូច​កាល​នៅ​ព្រះវិហារ​ទើប​ថា ការពារ​ព្រំដែន​នោះទេ ព្រោះ​មាន​រូបភាព​ច្រើនណាស់​ក្នុងការ​ការពារ​ទឹកដី និង​ការដណ្ដើម​ប្រៀប​ឈ្នះ​។ ការ​ប្រែក្លាយ​ព្រំដែន​ពី​តំបន់​សមរភូមិ​ទៅជា​តំបន់​មិត្តភាព និង​សេដ្ឋកិច្ច គឺ​យើង​ត្រូវ​ធ្វើតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​មិន​ធ្វើ​អ្វី​ឲ្យ​បាត់​ប្រៀប​នោះទេ ព្រោះ​រឿង​ព្រំដែន​នេះ គឺជា​រឿង​យូរអង្វែង​។ ដូច្នេះ​សូម​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា និង​ការឈរជើង​របស់​កង​កម្លាំង​របស់​យើង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅក្នុង​ការងារ​កំណែទម្រង់ ដើម្បី​ធ្វើអោយ​ប្រព័ន្ធ​ការងារ​ដើរទៅ​រលូន និង​ប្រសិទ្ធភាព​នៅក្នុង​ការដឹកនាំ​បញ្ជា និង​បន្សល់​ប្រព័ន្ធ​ការងារ​នេះ​ទុក​ឲ្យ​នាយទាហាន​ជំនាន់​ក្រោយ គឺជា​គោលដៅ​រួម និង​ធានា​និរន្តរភាព​សម្រាប់​កងទ័ព ដែល​នេះ​គឺជា​ការកសាង​គ្រោងឆ្អឹង​ដ៏​រឹងមាំ​មួយ​សម្រាប់​វិស័យ​ការពារជាតិ​យូរអង្វែង​ទៅមុខទៀត​៕
      

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu