Ad Code

លោក ជ័យ ចាប បន្ត​តំណែង​ជា​ប្រធាន​សមាគម​តេ​ក្វាន់​ដូ​WT​ រាជធានី​ភ្នំពេញ​



លោក ជ័យ ចាប នៅ​បន្ត​តំណែង​ជា​ប្រធាន​សមាគម​តេ​ក្វាន់​ដូ WT រាជធានី​ភ្នំពេញ មួយ​អាណត្តិ​ទៀត បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​សមាជិក និង​ក្លិប នោះ។ សមាគម​តេ​ក្វាន់​ដូ WT រាជ​ធានី​ភ្នំពេញ បានធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន និង​ការជ្រើសរើស​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី កាលពី​ថ្ងៃទី​១០​ ខែ​មករា ឆ្នាំ​២០១៩​។​
​ ​
មូលបទ​សំខាន់​ដែល​ជជែក​គ្នា​នៅក្នុង​មហាសន្និបាត​នោះ គឺ​លោក​ជ័យ ចាប ​នៅ​បន្ត​តំណែង​ជា​ប្រធាន​សមាគម​មួយ​អាណត្តិ​ទៀត ក្នុងខណៈដែល​លោក​សំ សុខ​យី ក៏​បន្ត​តំណែង​ជា​អគ្គលេខា​របស់​សមាគម​បន្តទៀត​ដែរ។ ​សន្និបាត​បាន​ជជែក​គ្នា​ពី​វិធី​ស្វែងរក​ចំណូល​សម្រាប់​សហព័ន្ធ​ក្នុង​ខណៈដែល​ចំណូល​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​មាន​កម្រិត​ទាប ហើយ​ការចំណាយ​ទៅវិញ​ដោយ​ត្បិត​ត្បៀត​ឲ្យ​សមស្រប​ទៅតាម​ចំណូល។​

​ប្រាក់ចំណូល​របស់​សហ​ព័ន្ធ​គ្មានអ្វី​ក្រៅពី​ការប្រឡង​តំឡើង​ខ្សែក្រវាត់ បានមកពី​ការប្រកួត​ប៉ុណ្ណោះ​ចំពោះ​ចំណូល​ដែល​បានមកពី​ការជួយឧបត្ថម្ភ​របស់​សប្បុរសជន​នានា និង​ក្រុមហ៊ុន​នានា​នៅ​មិន​ទាន់​មាន​នៅឡើយ​ទេ។​

តេ​ក្វាន់​ដូ​WT ​នាពេល​បច្ចុប្បន្ននេះ ជា​កីឡា​របស់​ពិភពលោក​មាន​ជាង​២១០​ប្រទេស​ ដែល​កំពុង​ធ្វើការ​ហ្វឹកហាត់​ដោយ​យកចិត្តទុកដាក់​បំផុត ដូច្នេះ​នៅ​កម្ពុជា​យើង​ក៏បាន​បង្កើត​ក្លិប​កីឡា​តេ​ក្វាន់​ដូ​WT​ជាច្រើន​នៅតាម​រាជធានី​-​ខេត្ត រួមបញ្ចូល​ទៅជា​សមាគម​តេ​ក្វាន់​ដូ​WT​ដែលមាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​ទទួលខុសត្រូវ​ចំពោះមុខ​ស្ថាប័ន​កីឡា ពិសេស​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​និង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តាមរយៈ​សកម្មភាព​នេះ​។​

សមាគម​តេ​ក្វាន់​ដូ​WT ​រាជធានី​ភ្នំពេញ ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១១ មាន​១៣​ក្លិប ក្រោម​គំនិត​ផ្ដួចផ្ដើម​ក្រុមការងារ​នៅ​រាជធានី​ភ្នំពេញ និង​គ្រូ​ជម្រើស​ជាតិ​លោកគ្រូ Choi Yong Sok។

អាណត្តិ​ទី​២​នេះ សមាគម​មាន​ក្លិប​ជា​សមាជិក​ចំនួន​១៧ ថ្នាក់ដឹកនាំ​ចំនួន​១៣​នាក់ ប្រធាន​១៣​រូប គ្រូ​បង្វឹក គ្រូ​ជំនួយ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​១​ដាន់ ​រហូតដល់​៥​ដាន់ ​២៦​នាក់ ​មន្ត្រី​បច្ចេកទេស​ចំនួន​៨​នាក់​កីឡាករ​កីឡាការិនី​៥៩៧​នាក់ ​ក្នុងនោះ​មាន​កីឡាការិនី​២៨០​នាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu