កំពង់ចាម ៖ ស្ត្រីម្នាក់ បានបីទារកមកប៉ុនប៉ងលោតទឹក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី លើស្ពានគីហ្សូណា ស្ថិតនៅភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ប៉ូលិសបានឲ្យដឹងថា ពេលកើតហេតុ កម្លាំងនគរបាលក្រុងកំពង់ចាមចេញល្បាត បានប្រទះឃើញស្ត្រីម្នាក់បីកូនខ្ចីដើរសំដៅទៅលើស្ពានគីហ្សូណា ដោយមានការសង្ស័យ កម្លាំងនគរបាលក្រុងសហការជាមួយកម្លាំងប្រចាំការនៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឃាត់សួរនាំ និងដឹកមកអធិការដ្ឋាននគរបាលក្រុង ទើបដឹកថា គាត់ ឈ្មោះ វ ស្រ ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូររាំងឪ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានបំណងមកលោតទឹកសម្លាប់ខ្លួនជាមួយនឹងកូនពីលើស្ពានគីហ្សូណា។
ប៉ូលិសបានបន្តថា ក្រោយពីធ្វើការសាកសួរ នារីរងគ្រោះបានបញ្ជាក់ថា នាងមានវិបត្តិក្នុងគ្រួសារ តែមិនបានរៀបរាប់ច្បាស់ទេ។
ក្រោយពីដឹងមូលហេតុហើយ លោកអធិការ បានអប់រំ ពន្យល់ណែនាំគាត់ រហូតគាត់កែប្រែគំនិត ដើម្បីរស់នៅ បន្តចិញ្ចឹមមើលថែកូនវិញ ហើយកម្លាំងនគរបាលក្រុងបានជូនគាត់ត្រឡប់ទៅបន្ទប់ជួលវិញដោយសុវត្ថិភាព៕
Source: Kampuchea Thmey Daily
0 Comments