ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងថា តាំងពីឆ្នាំ២០១៤ មកដល់២០១៨ កម្ពុជាបានបណ្ដេញចេញ ជនបរទេសខុសច្បាប់ ប្រមាណជា១៥,០០០នាក់ ចេញពីកម្ពុជា ភាគច្រើន មានជនជាតិចិន និងវៀតណាម។
សម្រាកពីកិច្ចប្រជុំការងារ ដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំ ជាជនបរទេសអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាបានបណ្ដេញចេញ ជនបរទេសខុសច្បាប់ ប្រមាណជា៣,០០០នាក់។
ចំពោះរបាយការណ៍សរុបតាំងពី២០១៤មក ដល់ឆ្នាំ២០១៨ មានអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៥,០០០នាក់ ត្រូវបានបណ្ដេញចេញ ហើយភាគច្រើនទី១.ចិន ,ទី២.វៀតណាម ,ទី៣.នីហ្សេរីយ៉ា។
ក្នុងនោះដែរ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលដកហូតឯកសារកម្ពុជា មិនប្រក្រតីដែលកាន់កាប់ ដោយជនបរទេស ប្រមាណ៩០ភាគរយ ស្មើនឹងជាង៣ម៉ឺនក្បាល មាន១០សញ្ជាតិ ក្នុងនោះដកហូតពីជនជាតិវៀតណាមច្រើនជាងគេ រហូត៩០ភាគរយ៕
Source: Kampuchea Thmey Daily
0 Comments