Ad Code

ការអភិវឌ្ឍ ​វិស័យ​អប់រំ យុវជន ​និង​កីឡា​ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់បំផុត​ក្នុង​ការ​កសាង​ប្រភព​ធនធាន​មនុស្ស​ ដើម្បី​អភិវឌ្ឍ ​ប្រទេស​ជាតិ​



ស្វាយរៀង ៖ លោក តូច ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្តស្វាយរៀង​បាន​ថ្លែង​ថា​ ការអភិវឌ្ឍ ​វិស័យ​អប់រំ យុវជន ​និង​កីឡា ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់បំផុត​ក្នុង​ការកសាង​ប្រភពធនធាន​មនុស្ស​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​។​

អភិបាលរង​ខេត្តស្វាយរៀង​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ​អប់រំ យុវជន ​និង​កីឡា ​ឆ្នាំ​សិក្សា​២០១៧.២០១៨​ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០១៨ ​និង​២០១៩​ នា​ព្រឹក​ថ្ងៃទី​២១ ​ខែមករា ​ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​មន្ទីរអប់រំ យុវជន​ និង​កីឡា​ខេត្ត​ ដែល​មាន​ការចូល​រួមពី ​លោក​ ខៀវ សំអុល​ ប្រធាន​អប់រំ យុវជន ​និង​កីឡា​ខេត្ត លោកគ្រូ ​អ្នកគ្រូ​ ជា​នាយក​សាលា ប្រធាន​ការិយាល័យ​អប់រំ​ ស្រុក ក្រុង​ទាំង​៨ ​នៃ​ខេត្ត​ស្វាយរៀង​ និង​អស់លោក លោកស្រី​ជា​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ផងដែរ​។​

លោក​ តូច ប៉ូ​លី​វ៉ា​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ម​ន្ទីរ​អប់រំ យុវជន​និង​កីឡា​ ខេត្ត​ ដែល​បាន​ខិតខំ​បំពេញការងារ​តាម​តួនាទី​រៀងៗ​ខ្លួន ប្រកបដោយ​លទ្ធផល​ល្អជា​ទី​ពេញចិត្ត ស្របតាម​ទិសដៅ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ដែល​បានដាក់​ចេញ​។​

អភិបាលរង​ខេត្តស្វាយរៀង​ ក៏បាន​សំណូមពរ​អង្គ​សន្និបាត​ទាំងមូល ​និង​មន្ត្រី​គ្រប់គ្រង​អប់រំ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ដល់​បញ្ហាសំខាន់ៗ​មួយចំនួន ​ក្នុងនោះ ត្រូវ​យកចិត្តទុកដាក់​ប្រមូល​កុមារ​ដល់​វ័យ​សិក្សាឲ្យ​ចូល​រៀន​បាន​ច្រើន​ជា​អតិបរមា​ទាំង​នៅ​ទីប្រជុំជន ​និង​នៅ​ទីជនបទ ចាប់ពី​មត្តេយ្យ​សិក្សា​ឡើង​ទៅ និង​រក្សាបាន​នៅ​ស្ថិរភាព​សិស្ស​ឲ្យ​បន្ត​ការសិក្សា​រៀន​សូត្រ​រហូត​ចប់​មធ្យមសិក្សា និង​បន្ត​ចូលរៀន​រហូត​បញ្ចប់​ឧ​ត្ត​ម​សិ​ក្សា​។​

លោក​បាន​បន្តថា​ ត្រូវ​បន្ត​កែលំអ​បរិស្ថាន​សាលារៀន​ឲ្យ​ក្លាយ​ជាទី​មនោ​រម្យ ដើម្បី​ទាក់ទាញ​កុមារ​ឲ្យ​ចាប់អារម្មណ៍​ និង​មានចិត្ត​ចង់​ទៅ​សាលារៀន​។​

មួយវិញទៀត​ ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​ទាំ​ង​បរិមាណ ក៏​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​បន្ថែម​ទៀត នូវ​គុណភាព​ប្រកបដោយ​គណៈនេយ្យភាព​។​

លោក​ តូច ប៉ូ​លី​វ៉ា​ បាន​បញ្ជាក់ថា ​ការពង្រឹង​គុណភាព​អប់រំ​វា​មាន​ហេតុផល​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ជា​ច្រើន​ដូចជា​កត្តា​គ្រូ សិស្ស កត្តា​គ្រប់គ្រង​ដឹកនាំ ​គឺជា​កត្តា​សំខាន់​ដូច​ពាក្យស្លោក​មួយ​ពោល​ថា ​គ្រូ​ល្អ សិស្ស​ល្អ គ្រូ​ពូកែ សិស្ស​ពូកែ នាយក​ល្អ សាលា​ល្អ​។​ ហើយ​ក្រៅពីនេះ​ ក៏​នៅមាន​កត្តា​មួយចំនួន​ទៀត ដែល​ជះឥទ្ធិពល​លើ​គុណភាព​អប់រំ​មាន​កត្តា​គ្រួសារ​ និង​កត្តា​សង្គម​ ដែល​កត្តា​ទាំងអស់នេះ​ជា​កត្តា​ដែល​មិនអាច​ខ្វះ​កត្តា​មួយណា​បានឡើយ​ ពីព្រោះ​តាម​គោលដៅ​អប់រំ​ប្រកបដោយ​ចីរភាព​របស់​យើង​ គឺ​កសាង​ពលរដ្ឋ​សកល​ប្រកបដោយ​សមត្ថភាព​ទាំង​ចំណេះដឹង ចំណេះ​ធ្វើ មាន​សីលធម៌ មាន​សុជីវធម៌​ និង​ចេះ ​រួមរស់​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខដុមរមនា​។​


សូម​បញ្ជាក់​ថា​ នៅក្នុង​ពិធី​បើក​អង្គសន្និបាត​នេះ​ ក៏បាន​ចែក​ទង់​កិត្តិយស​ និង​បំពាក់​មេដាយ​ជូន​ដល់​លោក​ប្រធាន​មន្ទីរអប់រំ និង​អស់លោក លោកស្រី​ជា​អនុប្រធាន​មន្ទីរ នាយក​សាលា​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu