កំពង់ចាម ៖ លោក ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ-បេតុង ២ខ្សែ ប្រវែង១២.៩០០ម៉ែត្រ ពីផ្លូវជាតិលេខ៧ ភូមិមៀន ដល់ភូមិកំពង់សំលាញ់ ឃុំមៀន ស្រុកព្រៃឈរ ដល់ផ្លូវជាតិលេខ៧០ នៅភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។
មានប្រសាសន៍នៅក្នុងពិធីនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ផលប្រយោជន៍ ដែលយើងកសាងផ្លូវ ដោយកងវិស្វកម្មនៅថ្ងៃនេះ គឺជាការសម្រួលចរាចរណ៍ ការធ្វើដំណើរប្រចាំថ្ងៃ ការភ្ជាប់និស្ស័យស្រុកកងមាសមកស្រុកព្រៃឈរ ការបង្កើនជីវភាព និងការភ្ជាប់ទំនាក់ទំនង។ លើសពីនេះ ផ្លូវមួយខ្សែនេះ នឹងក្រាលកៅស៊ូបន្ថែមទៀតនៅពេលអនាគត។ ហើយលោកបានអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ ជនបង្គោលយុវជន ទទួលបន្ទុកស្រុកព្រៃឈរ និងស្រុកកងមាសដែលបានជួយជ្រោមជ្រែង និងមានការគាំទ្រពីក្រសួងអភិវឌ្ឍជនបង និងមានការចូលរួមប្តេជ្ញាចិត្តកសាងពីនាយកដ្ឋានវិស្វកម្មនៃក្រសួង ការពារជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។ សមិទ្ធផលដែលកើតឡើងដោយការរួមគ្នានេះ គឺនៅក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព នៅលើដីសមរភូមិចាស់ ដែលឥឡូវជាទឹកនៃសន្តិភាពកសាងដោយកម្លាំងកងទ័ព និងមានការចូលរួមពីអាជ្ញាធរលំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទីនេះ។
តាមលោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលមានទឹកចិត្ត មានគោលនយោបាយកសាងផ្លូវជូនប្រជាពលរដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលមិនចង់ប៉ះពាល់ផ្ទះប៉ះពាល់ផ្លូវប្រជាពលរដ្ឋ បើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេ។ ដូច្នេះបើគ្មានការគាំទ្រចូលរួមពីប្រជាពលរដ្ឋ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ យើងក៏មិនអាចធ្វើបានដែរ ហើយសូមអរគុណចំពោះការចូលរួម ការយោគយល់ ការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងការកសាងសមិទ្ធផល និងការផ្ដល់សេវាផ្សេងៗរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។ លោកបន្តថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ឲ្យមន្ត្រីតំណាងលោក ចុះជួបជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង ខិតខំកសាងនៅក្នុងប្រទេសផង និងចេញទៅធ្វើការនៅក្រៅប្រទេសផង ដើម្បីសេចក្តីសុខ សេចក្តីសប្បាយរបស់ប្រជាពលរដ្ឋ ជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រសម្ដេចតេជោ ផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើប្រជាជន មិនមែនធ្វើចៅហ្វាយប្រជាពលរដ្ឋនោះទេ គឺសម្ដេចបានតស៊ូបម្រើប្រជាជន បម្រើប្រទេសជាតិតាំងពីក្មេង។ នេះហើយ គឺជាការប្ដេជ្ញាចិត្តរបស់លោកតាំងពីក្មេង គឺយកជីវិតជាដើមទុន ដើម្បីបម្រើប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលខិតខំអង្គុយគិតធ្វើយ៉ាងណាខិតខំកសាងសមិទ្ធផល លើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋមន្ត្រីរាជការ ផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អថែមទៀត ហើយលោក ហ៊ុន ម៉ាណែត បានឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងជួយប្រជាពលរដ្ឋបន្តទៀត ដើម្បីជាការតបស្នងសងគុណ ដែលប្រជាពលរដ្ឋបានជឿទុកចិត្ត គាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ និងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាកសាងភូមិស្រុកយើងជាបន្តទៅទៀត ព្រោះគ្មាននរណាធ្វើជំនួសយើងទេមានតែខ្មែរទេ។
សូមបញ្ជាក់ថា ក្រោយពីអញ្ជើញជាអធិបតីក្នុង ពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ-បេតុង ២ខ្សែ លោក ហ៊ុន ម៉ាណែត ក៏បានអញ្ជើញប្រគល់ ផ្ទះជូនសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments