តាកែវ ៖ លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមពិធីសម្ពោធអគារសិក្សា សាលាបឋមសិក្សាអង្គថ្មី និងសមិទ្ធផលនានាក្នុងវត្តអង្គថ្មី ស្ថិតក្នុងឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកចូលរួម លោក ហ៊ុន ម៉ាណែត លើកឡើងថា ការបណ្ដុះបណ្ដាលផ្នែកធម៌ គុណធម៌ សីលធម៌ ដែលសាសនា បានចែករំលែកនេះ មិនមែនមានតែនៅក្នុងវត្តនោះទេ គឺបានមកពីការរស់នៅប្រចាំថ្ងៃ ការប្រៀនប្រដៅរបស់ឪពុកម្ដាយ។ ដូច្នេះថ្ងៃនេះ យើងសម្ពោធសមិទ្ធផលដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយ។ ការកសាងសមិទ្ធផល ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនេះ គឺមានសារៈសំខាន់ណាស់ ហើយសម្តេចតេជោ ហ៊ុន សែន លោកខិតខំយកចិត្តទុកដាក់ណាស់ ដើម្បីកសាងសមិទ្ធផល ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយលំបាកដូចជំនាន់មុនទៀត។ ជាមួយគ្នានោះ លោកបានកោតសរសើរ និងថ្លែងអំណរគុណចំពោះព្រះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជន ទាំងអស់ដែលបានខិតខំចូលរួមចំណែកកសាងសមិទ្ធផលនេះ។ លោកបន្តថា យើងមិនមានដូចប្រជាពលរដ្ឋអាមេរិកនោះទេ ហើយមិនចាំបាច់មានមហាសេដ្ឋីទម្លាក់លុយឲ្យមកកសាងព្រះវិហារមួយនេះទេ គឺខ្មែរយើងម្នាក់ៗមានទឹកចិត្ត និងវប្បធម៌ចែករំលែក។ នេះហើយបានធ្វើឲ្យយើងកសាងនូវសមិទ្ធផលនេះបាន ដូចសម្តេចតេជោ បានធ្លាប់មានប្រសាសន៍ថា ខ្មែរយើងមានចំណុចខ្លាំងមួយ គឺមានចិត្តចូលរួមកសាងតាមលទ្ធភាព។ នេះហើយ គឺជាទឹកចិត្តស្មារតីរួមគ្នាកសាងក្នុងដំណាក់កាលដែលប្រទេសមានសុខសន្តិភាព ស្ថិរភាព។ ហើយលោកជឿជាក់ថា ស្មារតីនេះនឹងរួមគ្នាបន្តទៅទៀត។
មានប្រសាសន៍នាពេលនោះដែរ លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានជួយសម្រួលដឹកនាំការងារបង្កលក្ខណៈនៅក្នុងការកសាងសមិទ្ធផលនេះ ជួយនៅក្នុងការបំពេញភារកិច្ច បម្រើ ការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខជូនប្រជាពលរដ្ឋ។ នេះហើយ គឺជាសេចក្តីសុខ សេចក្តីស្ងប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ លោកអះអាងថា សម្តេចតេជោ ហ៊ុន សែន បានខិតខំបង្កើតនូវយន្តការជាច្រើន ដើម្បីកសាងសមិទ្ធផល និងជួយបម្រើប្រជាពលរដ្ឋ។ ជាមួយនេះ លោកថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានចុះជួយប្រជាពលរដ្ឋ ព្រោះស្មារតីចុះជួយប្រជាពលរដ្ឋនេះ គឺយើងខិតខំដោះស្រាយបំពេញតម្រូវការជូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ដោយសារប្រជាពលរដ្ឋបានជឿទុកចិត្តគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ នេះហើយគឺជាអ្វីដែលជាការប្ដេជ្ញាចិត្ត ការតបស្នងសងគុណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត លើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន លោកចេញទៅក្រៅប្រទេស ខិតខំកៀរគរឲ្យវិនិយោគិន មកវិនិយោគនៅស្រុកខ្មែរ ដើម្បីបង្កើតឱកាសការងារជូនកូនចៅប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋសម្បូរសប្បាយ និងធ្វើឲ្យប្រទេសជាតិរីកចម្រើនសំបូរសប្បាយរុងរឿង។ ផ្ទុយពីអ្នកនយោបាយខ្លះ ដែលទៅអង្វរបរទេសឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសរបស់ខ្លួន និងមិនឲ្យវិនិយោគិនមកវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ផ្ទុយទៅវិញសម្តេចតេជោ បានខិតខំឲ្យគេមកវិនិយោគលើគ្រប់វិស័យ ជាពិសេសគឺឧស្សាហកម្មធុនតូច និងមធ្យមដែលមានរោងចក្រ សហគ្រាសជាច្រើន ហើយអាចមានសមត្ថភាពផលិតនាំចេញទៅក្រៅប្រទេស។
មានប្រសាសន៍នៅពេលនោះដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានចូលរួមកសាងភូមិឃុំរបស់យើង និងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងគាំទ្រការដឹកនាំរបស់សម្តេចតេជោ។ លោកបន្តថា មានតែខ្មែររួបរួមគ្នា ជួយគ្នា នេះហើយ ទើបយើងអាចកសាងសមិទ្ធផល។ យើងសហការជាមួយបរទេសជាមិត្ត ក៏ប៉ុន្តែយើងមិនពឹងបរទេសទាំងស្រុងនោះទេ ព្រោះគេមានប្រជាពលរដ្ឋរបស់គេរាប់រយលាននាក់ដែរ។ អ្វីដែលជាគោលគំនិតសំខាន់របស់សម្តេចតេជោ គឺនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីប្រទេសជាតិរបស់យើង។ នេះហើយ គឺជាស្មារតី និងទទួលខុសត្រូវរបស់សម្ដេចតេជោចំពោះប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments