សៀមរាប ៖ បុរសម្នាក់ ដែលប្រើអំពើហិង្សាលើប្រពន្ធ និងបានដុតបំផ្លាញផ្ទះរបស់ខ្លួន ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប លោកស្រី គឹម សុគុន្ធា សម្រេចចេញដីកាឃុំខ្លួន កាលពីរសៀលថ្ងៃទី២០មករានេះ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទ ហិង្សា ប្រព្រឹត្តិដោយសហព័ន្ធ ឬ អនីតិសង្វាសជន។
បុរស ដែលត្រូវតុលាការឃុំខ្លួន មានឈ្មោះ ស៊ិន នុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មុខរបរកម្មករ។
ដើមចមដែលនាំឲ្យមានការឃុំខ្លួនបុរសរូបនោះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០១៩ ឈ្មោះ ស៊ិន នុយ បានផឹកស្រាស្រវឹងរករឿងវាយប្រពន្ធ ឈ្មោះ កែវ ឡុក អាយុ២៩ឆ្នាំ និងដុតបំផ្លាញផ្ទះខ្លួនឯង ដែលទំហំ៥ម៉ែត្រ×៧ម៉ែត្រ ជញ្ជាំងស្លឹកត្នោត ក្រាលក្តារ ប្រក់ស័ង្កសី បណ្តាលឲ្យឆេះទាំងផ្ទះ ទាំងទ្រព្យសម្បត្តិអស់ទាំងស្រុង។
ប្រភពដដែលបានបន្តថា បន្ទាប់ពីប្រើអំពើហិង្សា និងដុតបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនឆេះខ្ទេចខ្ទីអស់ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កយកមកចាត់ការតាមច្បាប់។
នៅថ្ងៃទី២០មករា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការនាំខ្លួនជនបង្កបញ្ជូនមកសាលាដំបូងខេត្ត ហើយក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នតែម្តង៕
Source: Kampuchea Thmey Daily
0 Comments