•ទេស ជីវ៉ា ស្មើ ថៃ Chen Luop
អ្នកប្រដាល់កម្ពុជា២រូប គឺលន បញ្ញា បានវាយឈ្នះអ្នកប្រដាល់ថៃក្នុងទឹកទី៣ ខណៈដែល ធឿន ធី វាយចាញ់ថៃក្នុងទឹកទី៤ នៅក្នុងការជួបប្រកួតក្នុងជុំជម្រុះដំបូង នៃព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់Wurkz រដូវកាលទី៣ ទម្ងន់៦០គីឡូក្រាម លើសង្វៀនSEA-TV កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
លន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្ដួល អ្នកប្រដាល់ថៃ Chhai Yo ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣ ហើយ ធឿន ធី អ្នកប្រដាល់ក្លិបអង្គរ មានជ័យខេត្តសៀមរាប គេបានវាយចាញ់អ្នកប្រដាល់ថៃ Super Man ក្នុងទឹកទី៤។
Chhai Yo ចាញ់លន បញ្ញា ដោយជង្គង់អុកចូលចុងដង្ហើម ដែលធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះ
បោះបង់ការប្រកួត។ ចំណែក ធឿន ធី គេចាញ់ Super Man ដោយចាញ់ជើងទាត់របស់ Super Man ទាត់ជើងក្រោមរបស់គេ ឲ្យខូចជំហរ ត្រូវអាជ្ញាកណ្ដាលរាប់៨ ទឹក១ ពីរដង និងរាប់៨ ទឹក៤ម្តង ហើយបន្ទាប់មកត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួត។
នេះជាការប្រកួតជម្រុះលើកទី១ របស់ពួកគេទាំង៤ ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Wurkz រដូវកាលទី៣ ទម្ងន់៦០គីឡូក្រាម។ ឆ្លងកាត់លទ្ធផលនេះ លន បញ្ញា គេទទួលបាន៣ពិន្ទុ ឯ Chhai Yo បាន១ពិន្ទុ ហើយធឿន ធី គេបាន១ពិន្ទុ និង Super Man គេបាន៣ពិន្ទុ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់Wurkz រដូវកាលទី៣ ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប។ ការប្រកួត គឺពុំមានវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រទេ។ ដូច្នេះហើយ ទើបទាំងប្រដាល់ខ្មែរ ទាំងអ្នកប្រដាល់ថៃ គឺត្រូវការឈ្នះដូចគ្នា ត្បិតគេជ្រើសរើសយកតែអ្នកលេខ១ និងលេខ១ក្នុងជុំ នៃពូលខ្មែរ និងពូលថៃ តែប៉ុណ្ណោះ។
ចំពោះការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ ឫទ្ធិ សាស្ត្រាវុធ អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានវាយឈ្នះ ឡុង ណងសៅ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ ហើយចៅ រស់ អ្នកប្រាដល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ បានផ្ដួល អួន អូន អ្នកប្រដាល់ក្លិបតាព្រហ្មមាន ជ័យ នៅក្នុងទឹកទី២។
•ទេស ជីវ៉ា អ្នកប្រដាល់កម្ពុជា ក្លិបកងពលតូចលេខ៧០ បានប្រកួតស្មើពិន្ទុ ជាមួយ
អ្នកប្រដាល់ថៃចំណូលថ្មី Chen Luop ក្នុងការជួបគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិ លើសង្វៀនBoostrong Fighter On Fire នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
ជីវ៉ា ដែលការប្រកួតដំបូងមើលឃើញថា មានប្រៀបឈ្នះលើ Chen Luopនោះ បែរជាចុងក្រោយរាងចាញ់ប្រៀបអ្នកប្រដាល់ថៃនោះទៅវិញ។ ទេស ជីវ៉ា ដើរចូលទៅឲ្យតែ Chen Luopវាយត្រូវពេញៗ ខណៈដែលខ្លួនឯងវាយចេញបានតិច និងមិនសូវចំគោលដៅល្អថែមទៀត។ ដូច្នេះហើយ ទើបចប់ការប្រកួត ជីវ៉ា បានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃចំណូលថ្មីតែប៉ុណ្ណោះ។
ចំពោះគូប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ថន ភឿត អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ដែលឡើងសងសឹក ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ជើងចាស់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងនោះ បានវាយចាញ់ ណាម ម៉ូរ៉ាក់ ដោយពិន្ទុទៀត។ ពីរនាក់ជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម។ ថន ភឿត ធ្លាប់ចាញ់ណាម ម៉ូរ៉ាក់ ដោយពិន្ទុម្តង ហើយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឥឡូវឡើងសងសឹកមិនបានសម្រេចទៀត។
ទី ពន្លែត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ដែលឡើងសងសឹក ហុង ជីវ៉ុង អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ដែរនោះ ក៏មិនបានសម្រេចដែរ ដោយត្រូវជីវ៉ុងវាយឲ្យសន្លប់ក្នុងទឹកទី២។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦៥ គ.ក្រ។ កាលពីជួបគ្នាលើកមុន ពន្លែតវាយចាញ់ហុង ជីវុងត្រឹមពិន្ទុប៉ុណ្ណោះ។
ចំណែក លីន សាហ៊ីម អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ បានវាយចាញ់សៀនវិបុល អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរីដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាទម្ងន់៦៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments