ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៥០នាទី នៅលើផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រេទៅបុកដើមឈើមួយកន្លែង បណ្ដាលឲ្យតារាកំប្លែងជើងចាស់នាយកុយរងរបួសស្រាល។
ប៉ូលិសស្រុកតំបែរបានឲ្យដឹងថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយ ឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំ លក្ខណៈស្រាល) និងអ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស)។
ប៉ូលិសបានបញ្ជាក់ទៀតថា រថយន្តនោះ បានបើកបរមកពីខេត្តរតនគិរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៏បែកកង់ ហើយរេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។
ក្នុងករណីនេះនេះដែរ មិនបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ដោយឡែក រថយន្តដែលបុកខ្ទេចមុខនោះ ត្រូវម្ចាស់រកជាងអូសយកទៅជួសជុលដោយខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments