សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Series by K-Cement ទម្ងន់៥៧គីឡូក្រាម អ្នកប្រដាល់បឺត សង្ឃឹម ក្លិបសាលវ័ន្ដកីឡា និង ធន អៀងឡៃ អ្នកប្រដាល់សមាគមប្រដាល់ក្រសួងការពារជាតិ បានកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីពួកគេទាំងពីរវាយឈ្នះដៃគូ ក្នុងវគ្គជម្រុះជុំទី៣ កាលពីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នោះ។ បឺត សង្ឃឹម បានយកឈ្នះអ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ។
សូមបញ្ជាក់ថា ប៊ុនឆៃ មិនមានឈ្មោះក្នុងបញ្ជីប្រកួតដណ្ដើមពានរង្វាន់នេះទេ។ សង្ឃឹមត្រូវប្រកួតជាមួយ អេ រដ្ឋា ក្លិបអេភូថងកីឡា តែដោយសារ រដ្ឋា រងគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ មិនអាចប្រកួតបាននោះ ទើប ប៊ុនឆៃ ត្រូវបានដាក់ជំនួស អេ រដ្ឋា ឲ្យប្រកួតជាមួយសង្ឃឹមនោះ។
សង្ឃឹមបានទទួលជ័យជំនះលើ ប៊ុនឆៃ ដោយពិន្ទុដាច់តែម្ដង។ ប្រសិនបើ រដ្ឋា មិនជួបគ្រោះថ្នាក់នោះ ក៏សង្ឃឹមមានការលំបាកដែរ ព្រោះ រដ្ឋា ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ។ ពេលនេះ បឺត សង្ឃឹម មានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។
ដោយឡែក ធន អៀងឡៃ ក៏ប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ បន្ទាប់ពីយកឈ្នះសិស្សច្បង សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុយ៉ាងតឹងតែងនោះ។
សៀវ ង៉ុយ បាត់បង់ឱកាសសម្រាប់ឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ទាប់ពីការបរាជ័យក្រោមថ្វីដៃសិស្សប្អូនបែបនេះ។ អ្នកប្រដាល់ជើងចាស់រូបនេះបញ្ចប់បេសកកម្មត្រឹមវគ្គជម្រុះជុំទី៣នេះ ឯ ធន អៀងឡៃ ត្រៀមខ្លួនប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលកាន់តែតឹងតែងទៅៗហើយ។
ចំពោះការប្រកួតជាមិត្តភាពជាមួយជាមួយអ្នកប្រដាល់ថៃវិញនោះ សារឿន ចាន់ បានយកឈ្នះអ្នកប្រដាល់ថៃប៊ី អឹម(B M)ដោយពិន្ទុដាច់តែម្តង។ នេះជាការប្រកួតមួយ ដែលប៊ី អឹម ត្រូវឈឺសាច់មិនតិចនោះទេ ដោយសារកណ្ដាប់ដៃរបស់ សារឿន ច័ន្ទ។
ប៊ី អឹម ត្រូវអាជ្ញាកណ្ដាលរាប់៨ ទឹកទី៤ចំនួន២លើក និងមកដល់ទឹកទី៥ហើយនោះ ក៏ត្រូវអាជ្ញាកណ្ដាលរាប់៨មួយលើកទៀត ហើយដែលការរាប់នេះ គឺសុទ្ធតែត្រូវនឹងកណ្ដាប់ដៃរបស់ សារឿន ច័ន្ទ។
សូមបញ្ជាក់ថា ប៊ី អឹម នេះ ធ្លាប់ជួប សារឿន ច័ន្ទ ពីរដងហើយកន្លងមក ដោយវាយចាញ់ម្តង និងស្មើម្តង គឺពុំដែលឈ្នះ សារឿន ច័ន្ទ ឡើយ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់សល់ ស្រស់ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments