ភ្នំពេញ ៖ ឃ្លាំងស្តុកខោអាវជជុះ ដែលមានទំហំ៨ម៉ែត្រ បួនជ្រុង ត្រូវអគ្គិភ័យបំផ្លាញអស់ទាំងស្រុងដែលម្ចាស់ឃ្លាំងអះអាងថា ដោយសារទុស្សេខ្សែភ្លើង។
តាមប្រភពពី លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១មករានេះ មានអគ្គិភ័យមួយបានកើតឡើងនៅចំណុចឃ្លាំងស្តុកខោអាវជជុះ ដែលមានទីតាំងស្ថិតក្នុងក្រុមទី៥ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ឃ្លាំង ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ៦៦ឆ្នាំ។
លោកចៅរងសង្កាត់បានបន្តថា ពេលអគ្គិភ័យកើតឡើងភ្លាមៗ គឺកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង មកពីអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ នគរបាលក្រុង និងអង្គភាពផ្សេងៗ មកជួយបាញ់ពន្លត់ ដោយចំណាយពេលអស់ជាង១ម៉ោង ទើបរលត់ទៅវិញ ដោយពុំបានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយប៉ុន្តែសម្ភារៈក្នុងឃ្លាំងត្រូវខូចខាតទាំងស្រុង។
គួរបញ្ជាក់ថា នៅពេលកើតហេតុ គេបានឃើញវត្តមានគណៈអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី និងសមត្ថកិច្ចខណ្ឌសង្កាត់ប៉ុស្តិ៍ ចុះទៅរៀបចំសណ្ដាប់ធ្នាប់ និងទប់ស្កាត់កុំឲ្យឆេះរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្បែរខាង៕
Source: Kampuchea Thmey Daily
0 Comments