ប្រដាល់ ៖ វង្ស ណយ អ្នកប្រដាល់កម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរ បានផ្តួលអ្នកប្រដាល់ជើងខ្លាំងថៃយ៉ត ផេត ស.ស៊ុមផុង (Yodpetch Sor. Somphong) ឲ្យតដៃលែងកើតនៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
គូប្រកួតរបស់ វង្ស ណយ ដែលជាជើងខ្លាំង និងជាអ្នកប្រដាល់ដែលធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានលើកហើយដែរនោះ ត្រូវវង្ស ណយ ប្រើកែងវាយឲ្យសន្លប់ក្នុងទឹកទី៣ បន្ទាប់ពីនៅមុនការ សន្លប់នេះ យ៉ត ផេត ក៏ត្រូវអាជ្ញាកណ្ដាល លោក ម៉ី រតនះ រាប់៨ ដោយសារត្រូវ កែង របស់ វង្ស ណយ វាយចំថ្គាម បណ្តាលឲ្យដួលលើរេញនោះ។
ដោយសារតែការវាយសម្រុកខ្លាំងរបស់ វង្ស ណយ ធ្វើឲ្យ យ៉ត ផេត មានឱកាសតិចតួចបំផុត ក្នុងការវាយតបត គឺបានត្រឹមតែទប់ទល់ និងការពារប៉ុណ្ណោះ។ នៅដើមទឹកទី៣ យ៉ត ផេត ត្រូវកែងរបស់វង្សណយ ដួលលើរេញមួយសារ ហើយបន្ទាប់មកទៀត ក៏ត្រូវកែងស្តាំចំមុខផ្នែកខាងឆ្វេងមួយកែងពេញតែម្តង ដែលធ្វើឲ្យយ៉ត ផេត រលំដួលលើរេញទាំងជំហរ សន្លប់លែងក្រោក។
ចំណែក ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ ដែលត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ សុខាផាបណយ ស. ចរ. ភាគុលថៃ (Sokhapheapnoy Sor.Jor Pheakuthai ) ដោយប្រកួតគ្នាក្នុងទម្ងន់៦០គ.ក្រ នោះ បានឈ្នះដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។
នៅក្នុងការប្រកួតចាន់ ស៊ីណាត បានវាយសម្រុទៅលើ សុខាផាបណយ យ៉ាងខ្លាំង ធ្វើឲ្យថៃ ស្ថិតក្នុងស្ថានភាពត្រឹមទប់ទល់ និងការពារប៉ុណ្ណោះ ឯការវាយបកគឺសឹងតែតិចតួចនោះ។ ដូច្នេះហើយ ចប់ការប្រកួត៥ទឹក ចាន់ ស៊ីណាត ឈ្នះ សុខាផាបណយ ដោយពិន្ទុ។
ដោយឡែក សម្រាប់ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឯម សុធី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ បានផ្ដួល ជី ឆៃលី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឲ្យចុះចាញ់ក្នុងទឹកទី៤ ដោយសារមិនអាចទប់ជាមួយកែង និងជង្គង់របស់ សុធី បាន។
ជី ឆៃលី ត្រូវ ឯម សុធី វាយឡើងចង់ទក់សាច់ ក្នុងទឹកទី៣ ដោយត្រូវកែងពេញៗ ហើយត្រូវអាជ្ញាកណ្ដាលរាប់ថែមទៀត។ តែដោយសារមានចិត្តប្រដាល់ធំ ជី ឆៃលី ក្រោយពីរាប់៨នោះ គេបានបន្តការប្រកួតទៀត ប៉ុន្តែ ឆៃលី មិនអាចស្ទុះផុតពីដើមទឹកទី៤នោះទេ ក៏ត្រូវ ឯម សុធី វាយកែងឲ្យដួលសន្លប់លែងក្រោកតែម្តង៕
Source: Kampuchea Thmey Daily
0 Comments