ភ្នំពេញ ៖ និស្សិតកម្ពុជា ចំនួន៣រូប ទទួលបានពានរង្វាន់ ស្ដីពី «អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» ដែលមានប្រទេសចំនួន៦ចូលរួមប្រកួត ដែលបានជួយលើកមុខមាត់ប្រទេសកម្ពុជាឲ្យកាន់តែល្បីថែមទៀត នៅលើឆាកអន្តរជាតិ។
លោក ជេត ជាលី សកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា ការទទួលពានរង្វាន់របស់និស្សិតកម្ពុជានេះ គឺធ្វើឡើងតាមរយៈកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» កាលពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីនិស្សិតចំនួន៦០នាក់ មកពីប្រទេសថៃ, ឡាវ, វៀតណាម, ចិន មីយ៉ាន់ម៉ា រួមទាំងកម្ពុជា៩នាក់ផងដែរ។
ថ្លែងនៅក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោក ជេត ជាលី បានបន្តថា ជ័យជំនះនេះ មិនត្រឹមតែជាក្តីរីករាយរបស់និស្សិតផ្ទាល់ និងសាកលវិទ្យាល័យនោះទេ តែក៏ជាមុខមាត់របស់ប្រទេសកម្ពុជាផងដែរ ដោយសារតែនិស្សិតយើងមានចំណេះដឹង និងសេចក្តីក្លាហានក្នុងការបង្កើតគំនិតថ្មីៗក្នុងកម្រិតតំបន់រហូតមានការគាំទ្រយ៉ាងខ្លាំង។
ចំណែក លោក ថាត់ អៀងមនោរ និស្សិតឆ្នាំទី២ ដេប៉ាត់ម៉ង់ អភិវឌ្ឍន៍សហគមន៍ នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលទទួលបាន ជ័យលាភី បានឲ្យដឹងថា ពានរង្វាន់ដែលនិស្សិតកម្ពុជាទទួលបានមាន ឈ្មោះ The Most Value Issue Awards ដែលជាគម្រោងបង្កើតផ្សារសម្រាប់លក់ផលិតផលបែបធម្មជាតិ និងជាគម្រោងដែលបានជួយទៅដល់សង្គម និងការរីកចម្រើនរបស់កម្ពុជា។
លោកបានបន្តថា កម្មវិធីប្រកួតប្រជែងនេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះបេក្ខជន ក៏ដូចជានិស្សិតផ្ទាល់ ពីព្រោះបានធ្វើឲ្យយុវជន ក៏ដូចជានិស្សិត ចូលរួមយ៉ាងសកម្ម ក្នុងការជួយទៅដល់សង្គមឲ្យមានការផ្លាស់ប្ដូរ ក៏ដូចជាជួយទៅដល់បរិស្ថានពិភពលោក និងបរិស្ថាន នៅក្នុងប្រទេសកម្ពុជាទាំងមូល ឲ្យប្រកបដោយនិរន្តរភាពផងដែរ។
លោក ថាត់ អៀងមនោរ បានផ្ដាំផ្ញើដល់និស្សិត និងយុវជនដទៃទៀត សូមឲ្យមានសេចក្តីក្លាហាន និងចេះស្វះស្វែង ជាពិសេសស្វែងយល់ពីសង្គមឲ្យបានច្រើន តើសង្គមនៅមានភាពខ្វះខាតអ្វី ខ្លះហើយត្រូវការអ្វីខ្លះ ដើម្បីបំពេញបន្ថែមឲ្យសង្គមនោះ ដំណើរការទៅមុខ ដោយភាពរីកចម្រើន។
បន្ថែមពីលើនេះ ក្រុមនិស្សិត និងយុវជនដទៃទៀត ក៏អាចចាប់យកឱកាសល្អបែបនេះ ដើម្បីពង្រីកចំណេះដឹងខ្លួនឯង ហើយអ្វីដែលសំខាន់ គឺត្រូវរៀនភាសាអង់គ្លេស ឲ្យបានល្អ ដើម្បីជាការទំនាក់ទំនងជាមួយពិភពលោកបានយ៉ាងងាយស្រួល។
លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធី «ប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រក្រោមនវានុវត្តន៍របស់យុវជន ស្ដីពីអភិបាលកិច្ច និងការអភិវឌ្ឍ មេគង្គ-ឡានឆាងលើកទី៤» ហើយអ្វីដែលពិសេស គឺបានឃើញនិស្សិតកម្ពុជា និងនិស្សិត នៃបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គ បង្កើតគំនិតច្នៃប្រឌិតថ្មីៗសម្រាប់អភិវឌ្ឍន៍តំបន់ទន្លេមេគង្គកាន់តែរីកចម្រើនថែមទៀត។
លោក ទូច វិសាលសុខ បានថ្លែងនូវការកោតសរសើរចំពោះនិស្សិតកម្ពុជា៣រូប ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ«អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤»ដែលអាចឈរលើវេទិកា ជាមួយនិស្សិតមានសមត្ថភាពជំនាញ និងភាសាអង់គ្លេសខ្ពស់ មកពីប្រទេសថៃ, ឡាវ, វៀតណាម, ចិន, មីយ៉ាន់ម៉ា ដែលជាប្រទេសនៅក្នុងមេគង្គ-ឡានឆាង។
ជាមួយគ្នានេះដែរ លោក ទូច វិសាលសុខ បានប្ដេជ្ញាថា នឹងនៅតែបន្តគាំទ្រ និងសហការជាមួយបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង ថែមទៀតនាថ្ងៃអនាគត ដើម្បីផលប្រយោជន៍រួម ជាពិសេសដើម្បីមនុស្សជំនាន់ក្រោយទទួលបានផលប្រយោជន៍ពីទន្លេមេគង្គ។
គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៤ហើយ ដែលបណ្តាប្រទេសមេគង្គ-ឡានឆាង រួមមានចិន ឡាវ ភូមា ថៃ កម្ពុជា វៀតណាម បានរៀបចំការប្រកួតប្រជែងយុវជនក្នុងការបង្កើតគម្រោងថ្មី ដើម្បីអភិវឌ្ឍន៍តំបន់មេគង្គ-ឡានឆាង៕
Source: Kampuchea Thmey Daily
0 Comments