សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិនលោក Luo Shu Gang បានមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលអមដំណើរដោយលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតនោះ លោករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូទាំងអស់ បានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសទៅកាន់ប្រាសាទដែលស្ថិតក្នុងគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន ហៅកាត់ថា CSA។
គណៈប្រតិភូដែលដឹកនាំដោយលោក Luo Shu Gang បានអញ្ជើញទៅទស្សនកិច្ចនៅប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ដែលប្រាសាទទាំងពីរនេះត្រូវបានជួសជុលក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាសម្រាប់បេតិកភណ្ឌវប្បធម៌ចិន។ ក្រៅពីទស្សនកិច្ចស្វែងយល់ពីការជួសជុលនៅប្រាសាទទាំងពីរខាងលើ លោកLuo Shu Gang និងគណៈប្រតិភូក៏បានទៅទស្សនាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និងប្រាសាទភ្នំបាខែង ដែលជាគោលដៅបញ្ចប់ដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោក Luo Shu Gang បានចាប់អារម្មណ៍ខ្លាំងទៅនឹងសំណង់ប្រាសាទបុរាណខ្មែរ ដែលមានក្បូរក្បាច់ចម្លាក់រចនាល្អឥតខ្ចោះ ស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោក។ ទាក់ទងនឹងការងារអភិរក្ស និងជួសជុលប្រាសាទវិញ លោកបានសម្តែងការវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ និងបញ្ជាក់ថាប្រទេសចិនមានកិត្តិយសធំធេងណាស់ដែលបានចូលរួមចំណែកលើការងារជួសជុលនិងអភិរក្សប្រាសាទនៅរមណីយដ្ឋានអង្គរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នឹងបន្តដំណើរទស្សនកិច្ចទៅកាន់រាជធានីភ្នំពេញនៅថ្ងៃទី២៩ ដើម្បីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងនោះដែរ លោកគ្រោងនឹងចូលរួមជាអធិបតីភាពក្នុងទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជាដំបូង ដែលធ្វើឡើងនៅសាលចតុមុខ មុននឹងធ្វើដំណើរត្រឡប់ទៅប្រទេសមាតុភូមិវិញ៕
Source: Kampuchea Thmey Daily
0 Comments