ស្ទឹងត្រែង ៖ ក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ ត្រូវបាត់បង់ម្តាយជាទីស្រលាញ់ រស់នៅគ្មានទីពឹងថែមទាំងគ្មានឪពុកទៀត ម្ដាយក្មេងស្រីដែលស្លាប់ មានអាយុ 47 ឆ្នាំឈ្មោះអ៊ួយឆេង ស្លាប់ដោយ ខ្យល់គរធ្លាក់ទឹកត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នៅភូមិ ឃុំស្រែក្រសាំង ស្រុកសៀមបូ កខេត្តស្ទឹងត្រែង។
កូនស្រីស្ត្រីរងគ្រោះឈ្មោះស្រី រ័ត្ន អាយុ១៣ឆ្នាំ ដែលស្ថិតក្នុងហេតុការណ៍ បានបញ្ជាក់ថា មុនកើតហេតុវេលាម៉ោងជិត៦ល្ងាច ម្តាយបានស្រែកហៅអោយយកប៉ោតនិងខោអាវប្រឡាក់ៗទៅបោកគក់ លុះយកមកឱ្យម្តាយហើយ បានរួមដំណើរទៅទន្លេ តែដោយសារពេលវេលាមិនអំណោយផល ក៏ងាកមករកប្រឡាយទំនប់ទឹក ជិតផ្ទះវិញ។
ក្មេងស្រីរងគ្រោះបាននិយាយទាំងទឹកភ្នែកថា នៅពេលដើរទៅដល់មាត់ប្រឡាយទំនប់ទឹកម្តាយកំពុងអង្គុយបោកគក់ខោអាវបានប្រមាណជា១០នាទី ស្រាប់តែធ្លាក់ផ្កាប់មុខចូលទៅក្នុងប្រឡាយទឹកគ្រានោះខ្លួនក៏បានចុះទៅចាប់ទាញ តែទាញមិនចេញសោះ ទើបរត់ទៅភូមិហៅអ្នកស្រុកឱ្យជួយតែវាហួសពេល ម្តាយឈ្លក់ទឹកស្លាប់ទៅហើយ។
លោកអ៊ាង សំអូនមេឃុំស្រែក្រសាំងបានបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យរបស់នគរបាលនិងពេទ្យសព្វ ស្រី្តនេះគឺមុនស្លាប់កើតជំងឺខ្យល់គរងងឹតមុខបាត់ស្មារតី ហើយធ្លាក់ផ្កាប់មុខទៅក្នុងប្រឡាយទំនប់ទឹកឈ្លក់ទឹកដាច់ខ្យល់ស្លាប់តែម្តង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែក្រសាំងអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះអួយ ឆេង អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ មុនស្លាប់ រស់នៅជាមួយកូនស្រីតែម្នាក់ទើបអាយុ១៣ឆ្នាំ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលដដែលបន្តថា នៅចំណុចប្រឡាយទំនប់ទឹកខាងលើ មានមាត់លូបង្ហូរ កម្ពស់ទឹកត្រឹមចង្កេះគ្រាកើតហេតុកូនស្រីតូចចុះជួយសង្គ្រោះដែរ តែដោយសារជម្រៅទឹកខ្ពស់ជាងខ្លួនហើយមិនអាចទ្រាំទ្រនឹងទម្ងន់ម្តាយបាន ទើបរត់ទៅដង្ហោយអោយគេជួយ តែជាអកុសលជនរងគ្រោះផុតដង្ហើមក្នុងទឹកទៅហើយ។
លោកមេឃុំស្រែក្រសាំងថា ស្ត្រីរងគ្រោះនេះជាស្ត្រីមេម៉ាយមានកូនស្រីម្នាក់ទើបមានអាយុ១៣ឆ្នាំជាជនក្រីក្រ រកព្រឹកហូបព្រឹក រកល្ងាចបានហូបល្ងាច ដោយលក់កម្លាំងពលកម្មដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។ បច្ចុប្បន្នសព្វត្រូវបានសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណីនៅឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង៕
Source: Kampuchea Thmey Daily
0 Comments