Ad Code

NGO Forum រក​ឃើញ​ថា មានការ​ខ្វះខាត​ទាក់ទង​ការ​លំហូរ​ធនធាន​ទៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្លើយតប​ទៅនឹង​កម្មវិធី​អភិវឌ្ឍ​ន៏​របស់​ឃុំ សម្រាប់​ការ​បន្សាំ​ការប្រែប្រួល​អាកាសធាតុ



ភ្នំពេញ​ ៖ ការ​បញ្ជាក់​បែបនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ ស្តីពី​ការ​បញ្ជ្រាប​ការ​បន្សាំ​ការប្រែប្រួល​អាកាសធាតុ ក្នុង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់ ដោយ​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​រួម សម្រាប់​ការ​បន្សាំ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO Forum) កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៦០​នាក់ មកពី​ស្ថានទូត អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​អ្នកសារព័ត៌មាន​។



សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចំនួន​៣​រួមមាន ទី​១, ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្តី​ពី​ការ​បញ្ជ្រាប​កា​របន្សាំ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​ឃុំ​/​សង្កាត់ ដោយ​ឆ្លុះបញ្ចាំង​ពី​គោល​ការ​ណ៏​រួម សម្រាប់​កា​របន្សាំ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​។ ទី​២, ផ្លាស់ប្តូរ ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ពី​ការអនុវត្ត​ល្អ និង​បញ្ហា​ប្រឈម​នានា ពី​គម្រោង​បន្សាំ ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ថ្នាក់ក្រោម​ជាតិ។ ទី​៣, បង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ និង​សំណូមពរ​គន្លឹះ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ស្ថាប័ន​រាជរដ្ឋាភិបាល ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ ស្តី​ពី​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។

លោក Clemens Beckers អនុព័ន្ធ គ្រប់គ្រង​ផ្នែក​ធនធានធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប​បាន​ផ្តល់​ការការពារ​ព្រៃឈើ ដើម្បី​កាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ​។ ជាមួយគ្នា​នោះ សហភាព​អឺរ៉ុប​ក៏បាន​គាំទ្រ​ផ្នែក​បច្ចេកទេស​ផ្នែក​ខាង​ផលិតផល​ថាមពល​ស្អាត​ផងដែរ​។ ដូច្នេះ EU មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើការ​ជាមួយ​កម្ពុជា ក៏ដូចជា​ផ្នែក​ផ្សែង​ទៀត​ដើម្បី​ធ្វើការ​រួមគ្នា​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​



​ចំណែក​លោកស្រី Johanna Palmberg ទីប្រឹក្សា​ទទួលបន្ទុក​អភិបាលកិច្ច និង​ការប្រែប្រួល​អាកាសធាតុ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ដែរ​ថា ការ​ធ្វើ​ផែនការ​នៅ​តាម​មូលដ្ឋាន ដើម្បី​ដើម្បី​កាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ ក៏​ស្មើ​ទៅ​នឹង​ការ​ធ្វើ​ផែនការ​ថ្នាក់​ជាតិ​ផងដែរ ដូច្នេះហើយ​កាលពី​ឆ្នាំ​២០១៣ យើង​ដឹង​ថា ៨៣​ភាគរយ នៃ​ប្រជាពលរដ្ឋ​ពិភពលោក ដែល​បាន​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ទឹក​កខ្វក់ បាន​ស្លាប់​អស់​ជាច្រើន​ដោយសារ​អាកាសធាតុ​នេះ​។ លោកស្រី​បន្តថា យើង​មាន​គោល​ការ​ណ៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាក់ជាតិ ក៏ដូចជា​ថ្នាក់ក្រោម​ជាតិ​បានដឹង​ពី​ការប្រែប្រួល​អាកាសធាតុ និង​ប៉ះពាល់​ដោយសា​ការប្រែប្រួល​អាកាសធាតុ​នេះ ជាពិសេស​ស្រី និង​កុមារ​។

ទាក់ទង​បញ្ហា​នេះ លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) បាន​ថ្លែង​ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ បាន​ធ្វើ​វិមជ្ឈការ​ទៅ​ថ្នាក់ក្រោម​ជាតិ ដោយ​បាន​ខិតខំ​ផ្តល់​ថវិកា​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​ឃុំ សង្កាត់ ហើយ​កម្មវិធី​នេះ ក៏បាន​ធ្វើ​សមាហរណកម្ម​ដល់​ថ្នាក់​ឃុំ ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​ផងដែរ ដើម្បី​ឲ្យ​មាន​គោលដៅ​រួម​ក្នុងការ​អភិវឌ្ឍ​ន៍ ហើយ​នេះ​ជា​លទ្ធផល​ដែល NGO Forum បាន​សិក្សា​រក​ឃើញ និង​ទិដ្ឋភាព​វិជ្ជមាន​មួយ​ចំនួនធំ​ទៀត តែ​នៅ​មាន​ការ​ខ្វះខាត​ខ្លះ​ទាក់ទង​ការ​លំហូរ​ធនធាន​ទៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ថ្នាក់ឃុំ នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​កម្មវិធី​អភិវឌ្ឍ​ន៏ ឬ​កម្ម​វិនិយោគ​របស់​ឃុំ នៅឡើយ​ទេ​។

តាម​លោក តឹក វណ្ណា​រ៉ា នៅពេល​មាន​ប្រែប្រួល​អាកាសធាតុ ក្រុម​ដែល​ងាយ​រងគ្រោះ​ជាងគេ គឺ​ជន​ពិការភាព ស្ត្រី និង​កុមារ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ការប្រែប្រួល​អាកាសធាតុ ដែល​ប៉ះពាល់​ជាងគេ គឺ​គ្រោះ​រាំងស្ងួត ទឹកជំនន់ ជំងឺ សត្វល្អិត និង​ការកើនឡើង​កម្ដៅ​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu