ស្វាយរៀង ៖ ស្របពេលដែលរដូវប្រាំងរាំងស្ងួតចូលមកដល់ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទមួយចំនួន ខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃព្រោះ ត្រពាំង បឹង បួរ មួយចំនួន ដែលនៅជិតភូមិដ្ឋានរបស់ពួកគាត់ត្រូវរីងស្ងួតហួតហែងអស់ ហើយជាក់ស្តែងដូចជាឃុំចំនួន៣ នៃស្រុកចន្ទា ខេត្តស្វាយរៀង គឺខ្វះខាតទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំងនៅរដូវប្រាំង ព្រោះរស់នៅឆ្ងាយពីប្រភពទឹកស្អាត ក្នុងនោះមាន ឃុំចន្រា្ទ ឃុំទួលស្តី និងឃុំសំរោង។
ដោយមើលឃើញពីកង្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ តាមរយៈលោកមេភូមិ មេឃុំ នៅតំបន់នេះ លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត និងជាតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យក្រុមការងារ ធ្វើអណ្តូងចំនួន៦ ជូនប្រជាពលរដ្ឋនៅទីនេះ ប្រមាណជិត២០០រយគ្រួសារ បានអាស្រ័យផល ហើយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លោកជំទាវបានដឹកនាំក្រុមការងារ ចុះមកប្រគល់អណ្តូងទាំងនេះ ជូនពួកគាត់ប្រើប្រាស់ជាផ្លូវការក្នុងជីវភាពប្រចាំថ្ងៃ។
នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ លោកស្រីប្រធានមូលនិធិបានឲ្យដឹងថា ដោយមើលឃើញពីការកង្វះខាតទឹកស្អាតប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យក្រុមការងារ ធ្វើអណ្តូងជូនលោកយាយ លោកតា នៅទីនេះ ប្រើប្រាស់តាមតម្រូវការ ដែលជាអំណោយឪពុកម្ដាយ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្នុងនោះ មានអណ្តូង លោកតា ហ៊ុន នាង និងលោកយាយ ឌីប៉ុក ចំនួន៣ លោកយាយ ប៊ុន ស៊ាងលី និងលោកតា លីន គ្រី ចំនួន២។
ប្រជាពលរដ្ឋដែលបានទទួលអាស្រ័យផល នៃអណ្តូងទឹកទាំងអស់ម្នាក់ៗ បានសំដែងនូវទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អណ្តូង ពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងគិតគូរសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
តាមរយៈលោកស្រីប្រធានមូលនិធិ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកទាំងពីរ បានផ្ដាំផ្ញើសួរសុខទុក្ខ លោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នៅទីនេះ និងសារអប់រំមួយចំនួនថា សូមឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យខ្ពស់ក្នុងការរស់នៅ គឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។
សូមជម្រាបថា ក្នុងឱកាសនោះដែរ ក៏មានការពិនិត្យ នឹងផ្តល់ជាថ្នាំសង្កូវព្យាបាលជំងឺស្រាលៗ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដោយមានការជួយសម្របសម្រួលពីក្រុមយុវជន ស ស យ ក ស្រុក ចន្ទ្រា ផងដែរ។ រីឯអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកភ្នំពេញដើម្បីព្យាបាល រាល់ការចំណាយទាំងអស់ គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពី សម្ដេចតេជោផ្ទាល់៕
Source: Kampuchea Thmey Daily
0 Comments