Ad Code

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​អ្នក​ចែកចាយ​ឱសថ​ចូលរួម​ទប់ស្កាត់​ផលិតផល​ឱសថ​ក្លែងក្លាយ



ភ្នំពេញ ​៖ ​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន អំពាវនាវ​ឲ្យ​អ្នក​ចែកចាយ​ឱសថ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ផ​លិ ត​ផល​ឱសថ​ក្លែងក្លាយ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ​និង​ដាក់​លក់​នៅតាម​អន​ឡាញ​។

លោក​វេជ្ជបណ្ឌិត ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​នៃ​ក្រ​សួង​សុខាភិបាល​បាន​ជំរុញ​ឲ្យ​អ្នក​ចែកចាយ​ឱសថ​នៅ​កម្ពុជា​ត្រូវ​រួមគ្នា​ទប់ស្កាត់​ផលិតផល​ ដែល​ជា​ប្រភេទ​ឱសថ​ក្លែងក្លាយ​រួមមាន​ថ្នាំពេទ្យ​និង​ឡេ​លាប​ស្បែក​ដែល​កំពុង​លក់​តាម​អន​ឡាញ​គ្មាន​ច្បាប់​អនុញ្ញាត​និង​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​។



ថ្លែង​ក្នុង​នៅ​សមាជ​លើក​ទី​២​របស់​សមាគម​អ្នក​ចែកចាយ​ឱសថ​កម្ពុជា​ក្រោម​ប្រធានបទ ការចែក​ចាយ​ឱសថ ស្របច្បាប់​និង​មានគុណ​ភាព​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត ហេង ប៊ុន​គៀត​បានធ្វើ​ការណែនាំ​ដល់​សមាគម​អ្នក​ចែកចាយ​ឱសថ​កម្ពុជា​ត្រូវខិតខំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ឱសថ​ដល់​សមាជិក​រប​ស់​ខ្លួន​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង​ចូលរួម​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ​នេះ​ខណៈ​ក្នុង​ឆ្នាំ​២០១៩ ក្រសួងសុខាភិបាល បាន​រៀប​ចំ​ច្បាប់​គ្រប់គ្រង​ឱសថ​ថ្មី​ដើម្បី​បំពេញបន្ថែម​រាល់​ចន្លោះ​ខ្វះខាត​មួយចំនួន​មៃ​ច្បាប់​ចាស់ ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ខ្ពស់​។

លោក​បានស្នើ​ឲ្យ​សមាជិក សមាជិកា​អ្នក​ចែកចាយ​ឱសថ​ទាំងអស់ ត្រូវ​សិក្សា​ស្វែងយល់​អំពី​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ និង​សង្ឃឹមថា​សមាគម និង​ពង្រឹង​បន្ថែមទៀត ដល់​សមាជិក​របស់​ខ្លួន និង​រួមគ្នា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជាពិសេស​ស្នើ​ដល់​សមាជិក​អ្នក​ចែកចាយ​ឱសថ​គ្រប់រូប ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​វេជ្ជបណ្ឌិត​ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ទិញ​ឱសថ​ ឬ គ្រឿងសំអាង​ណា​ដែល​លក់​នៅ​តាម​ឱសថស្ថាន​ ឬ​ ក្រុមហ៊ុន​មានច្បាប់​ត្រឹមត្រូវ​ទទួលស្គាល់​ពី​ក្រសួង​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព​និង​ចំណាយ​ថវិកា​ឥតប្រយោជន៍​។



លោក ស៊ាន ស៊ីន​ឌី ប្រធាន​សមាគម​អ្នក​ចែកចាយ​ឱសថ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សមាគម​នឹង​សហការ​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នានា ដើម្បី​គាំពារ​ផ្នែក​ច្បាប់​ទៅលើ​ការ​នាំចូល នាំចេញ​ឱសថ​ក្នុងករណី​មាន​បញ្ហា​បច្ចេកទេស​ផ្សេងៗ និង​ជួយ​សម្របសម្រួល​រវាង​សមាជិក​មួយ ទៅ​សមាជិក​មួយទៀត ឧបត្ថម្ភ​គាំពារ​ទាំង​ផ្នែក​ស្មារតី និង​សម្ភារៈ​ដល់​សមាជិក និង​ពាំនាំ​ពាក្យ​របស់​អ្នក​ចែកចាយ​ឱសថ របស់​សមាជិក ជូនទៅ​ក្រសួងសុខាភិបាល និង​ក្រសួង​ដែល​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង​ចូលរួម​អនុវត្ត​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា​សំដៅ​លើកកម្ពស់​ការប្រើប្រាស់​ឱសថ​និង​គ្រឿងសំអាង​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ការពារ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ។

ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅ​កម្ពុ​ជា​មាន​ក្រុមហ៊ុន​ចែកចាយ​ឱសថ​ចំនួន​៣៩០​ក្រុមហ៊ុន និង​ក្រុមហ៊ុន កូ​ស្មិ​ច​ទិច ៣៥០​ក្រុមហ៊ុន​។​ ក្នុងចំណោម ក្រុមហ៊ុន​ចែកចាយ​ឱសថ ទាំង​៣៩០​ក្រុមហ៊ុន​នោះ​ដំណើរការ​តែ​២៥០​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយមាន​ក្រុមហ៊ុន​ខ្លះ​បើក​បានតែ​កន្លះ​ឆ្នាំ ឬមួយ​ឆ្នាំ ក៏​បិទ​ទៅវិញ​ទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu