Ad Code

ប្រកាស​សមាគម​អ្នក​ជិះ​កង់​ ដើម្បី​សុខភាព ​និង​អភិវឌ្ឍន៍​ខេត្ត​ស្វាយរៀង​



ស្វាយរៀង ​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ នេះ​ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាគម​អ្នកជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍន៍ ស្ថិតនៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក​អភិបាលរង​ខេត្ត ​លោក​ស្នងការ ស្នងការ​រង​នគរបាល​ខេត្ត​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក លោក លោ​កស្រី ប្រធាន​មន្ទីរ​អង្គភាព​នានា លោក លោកស្រី សមាជិក សមាជិកា សមាគម​អ្នក​ជិះ​កង់​ដើម្បី​សុខភាព និង​ការអភិវឌ្ឍន៍ ខេត្តស្វាយរៀង សរុប​ប្រមាណ​ជាង​២០០​នាក់​។​

​លោក​អភិបាលខេត្ត មានប្រសាសន៍​កោតសរសើរ​ និង​ផ្ដាំផ្ញើ​ដល់​សមាជិក សមាជិកា​សមាគម និង​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ​៖
-​សមាគម​ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់ សមាជិក សមាជិកា ទាំងអស់ ​ដែល​បាន​ចូលរួម​ជា​សមាជិក​ក្នុង​ធាក់​កង់​ហាត់ប្រាណ​ជា​ក្រុម​រៀងរាល់​ព្រឹក​ព្រលឹម​ដើម្បី​សុខភាព​។
-​ស្រប​ពេលដែល​ខេត្តស្វាយរៀង​របស់​យើង​កំពុងតែ​ទទួលបាន​នូវ​អ្នកវិនិយោគ​ជា​បន្តបន្ទាប់ និង​កំណើន​អភិវឌ្ឍន៍​កាន់តែ​ទៅមុខ ចំពោះ​ក្រុង​ស្វាយរៀង​អ្នកទទួលបន្ទុក​ភ្លើង​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ និង​ដោះដូរ​ឱ្យ​ឲ្យ​ភ្លឺ​ឡើងវិញ នូវ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដើម្បី​ងាយស្រួល​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​ជិះ​កង់​ហាត់ប្រាណ​នៅពេល​យប់។​
-​ចំពោះ​ការធ្វើ​ច្រាំងទន្លេ​វ៉ៃ​គោ​រដ្ឋបាលខេត្ត​និង​បន្តធ្វើ​នា​ដើមឆ្នាំ​២០១៩​នេះ ក្នុងនោះ​ខេត្ត​នឹង​រៀបចំ​ជា​សួនច្បារ កន្លែង​ហាត់ប្រាណ ព្រមទាំង​បន្ថែម​សម្ភារៈ​ហាត់ប្រាណ​សម្រាប់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ទូទៅ​មក​ចូល រួម​លេង​កម្សាន្ត​នឹង​ហាត់ប្រាណ​នូវទីនេះ​ផងដែរ​។
-​ការចូល​ជា​សមាជិកសមាគម​នេះ មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ព្រោះថា​សមាគម មាន​ចែង​នូវ​លក្ខន្តិកៈ​ច្បាស់លាស់​ហើយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ចូល​ជា​សមាជិកសមាគម​។​
-​សមាគម​ត្រូវ​រៀបចំ​បង្កើតឲ្យមាន​កម្ម​វិធី​ប្រកួត​យក​រង្វាន់​នានា​ជា​បន្តបន្ទាប់​ទៀត ដូចជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​ជាដើម​។​

លោក​អភិបាលខេត្ត​បាន​បន្ថែមថា សមាជិក សមាជិកា សមាគម ទាំងអស់​ត្រូវ​បន្ត សកម្មភាព​សមាគម​ឲ្យ​បាន​ផុលផុស ក្នុងនោះ​មន្ទីរអប់រំ​ត្រូវ​រៀបចំ​ដាក់បញ្ចូល​ប្រភេទ​កីឡា​ធាក់​កង់​របស់​សមាគម ក្នុងការ​ប្រកួត​កីឡា​ថ្នាក់ជាតិ​នាពេលខាងមុខ ដើម្បី​យក​ជ័យលាភី​ជូន​ខេត្ត​ស្វាយរៀង​របស់​យើង​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu