Ad Code

ការភ្ញាក់ផ្អើល​នៅ​ស៊ី​រី​ ៖ តើ​ការនិយាយ​ទូរស័ព្ទ​របស់លោក Trump ផ្លាស់ប្តូរ​សង្គ្រាម​ដោយ​របៀប​ណា​



សេចក្តីប្រកាស​របស់លោក​ប្រធានាធិបតី Donald Trump នៅក្នុង​ការនិយាយ​ទូរស័ព្ទ​ជាមួយ​លោក Tayyip Erdogan ដែលថា​លោក​នឹង​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​បានធ្វើ​ឲ្យ​ប្រទេស​ទួរគី​មានការ​ភ្ញាក់ផ្អើល​ ហើយ​បានធ្វើ​ឲ្យ​ទួរគី​ត្រូវ​ប្រញាប់ប្រញាល់​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​សមរភូមិ​នៅតាម​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន​។​

ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា នៅក្នុង​ការហៅ​ទូរស័ព្ទ​កាលពី​ពីរ​សប្តាហ៍​មុន លោក Trump ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​ការព្រមាន​ស្តង់ដារ​មួយ​ដល់​ប្រធានាធិបតី​ទួរគី​អំពី​ផែនការ​របស់គាត់​ក្នុង​ការបើក​ការវាយប្រហារ​ឆ្លងកាត់​ព្រំដែន​មួយ​ដែល​សំដៅ​ទៅលើ​កងកម្លាំង​ឃឺ​ដដែល​គាំទ្រ​ដោយ​អាមេរិក​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។​

ផ្ទុយទៅវិញ នៅក្នុង​ការពិភាក្សាគ្នា​នោះ លោក Trump បាន​កែប្រែ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ដោយ​បោះបង់ចោល​ទឹកដី​ស៊ី​រី​មួយ​ភាគ​បួន​ហើយ​ប្រគល់​កិច្ចការ​ដល់​ក្រុង​អង់កា​រ៉ា​ឲ្យ​បញ្ចប់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី​។​

មន្ត្រី​ទួរគី​ម្នាក់​បាន​ប្រាប់​រ៉​យ​ទ័​រថា “​លោក Trump សួរថា​: ប្រសិនបើ​យើង​ដកទ័ព​របស់​យើង តើ​អ្នក​អាច​បោសសម្អាត​ក្រុម ISIS បានដែរ​ឬទេ​? ”​។ មន្ត្រី​រូបនេះ​បាន​និយាយថា លោក Erdogan បាន​ឆ្លើយតប​ថា កងកម្លាំង​ទួរគី​នឹង​បំពេញភារកិច្ច​នេះ​។​

មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ទួរគី​ចំនួន​៥​នាក់​ដែល​និយាយ​ទៅកាន់​រ៉​យ​ទ័​រ​អំពី​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​រវាង​មេដឹកនាំ​ទាំងពីរ​បាន​និយាយថា “​ខ្ញុំ​ត្រូវតែ​និយាយថា វា​ជាការ​សម្រេចចិត្ត​ដែល​មិនបាន​រំពឹងទុក​ជាមុន​”​។​

ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា ការសម្រេចចិត្ត​របស់​លោក Trump ក៏បាន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ​ដោយ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​រួមទាំង​រដ្ឋមន្ត្រី​ការពារជាតិ​លោក Jim Mattis ផងដែរ​បាន​ព្យាយាម​ជាច្រើន​ថ្ងៃ​ដើម្បី​ផ្លាស់ប្តូរ​គំនិត​របស់លោក​ប្រធានាធិបតី​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់​នៅ​សប្តាហ៍​នេះ លោក Trump បាន​និយាយថា ក្រុម​មេបញ្ជាការ​យោធា​បាន​ស្នើសុំ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​មានការ​ពន្យារពេល​សម្រាប់​កងទ័ព​អាមេរិក​២,០០០​នាក់​នៅក្នុង​ប្រទេស​ស៊ី​រី​ប៉ុន្តែ​ការស្នើសុំ​នេះ​ត្រូវបាន​លោក​បដិសេធ​ដោយសារតែ​លោក​និយាយថា ក្រុម​រដ្ឋ​ឥស្លាម​ត្រូវបាន​កម្ចាត់​ភាគច្រើន​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu