Ad Code

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ បណ្ដាល​​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ​និង​បុរស​ពីរ​នាក់​ របួសធ្ងន់​



​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ បាន​ស្លាប់​ និង​បុរស​ពីរ​នាក់​ទៀត ​រងរបួស​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍។​ តាម​ប្រភពពី​ លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការ​រង​ខណ្ឌ​ច្បារអំពៅ​ ទទួលបន្ទុក​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹងថា​ កាលពី​វេលា​ម៉ោង​២០​និង​១៥​នាទី​យប់​ ថ្ងៃទី​៣១​ធ្នូ​នេះ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​៣៦៩​ ភូមិ​កោះក្របី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដែល​បណ្តាល​ឲ្យ​មុ​ស្ស​ម្នាក់​ស្លាប់​ និង​២​នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

លោក​អធិការ​រង​បាន​បន្តថា​ នៅមុន​ពេល​គ្រោះថ្នាក់​ សាក្សី​បានឃើញ​ម៉ូតូ​ម៉ាក​សង់​ស៊េរី​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DD 59 02​ បើកបរ​ដោយ ​ឈ្មោះ​ ហឹម វិបុល ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​មុខរបរ​គ្រូបង្រៀន ​មាន​ទីលំនៅ​ភូមិ​កោះក្របី​ សង្កាត់​ព្រែក​ថ្មី​ បាន​ឌុប​ស្ត្រី​ម្នាក់ ​ឈ្មោះ​ នួន សីហា អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​កាត់ដេរ និង​មាន​ទីលំនៅ​ភូមិ​កោះក្របី​១​ សង្កាត់​ព្រែក​ថ្មី ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៦៩ ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​។​

លុះ​មកដល់​ចំណុចកើតហេតុ​ បាន​បត់​ស្តាំ​ មិនបាន​ងាកមើល​ក្រោយ​ ក៏​ស្រាប់​តែមាន​ម៉ូតូ​សង់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​1R 87 98 បើកបរ​ដោយ ​ឈ្មោះ ​ទិន ​វ៉េវ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ​មាន​ទីលំនៅ​ភូមិ​បន្ទាយមាស​ ឃុំ​ហុងស៊ុយ ​ស្រុក​បន្ទាយមាស​ខាងលិច ​ខេត្ត​កំពត ដែល​បើក​មកពី​ក្រោយ ​បាន​បុក​ពី​ចំហៀង​ បណ្តាល​ឲ្យ​ស្ត្រី​ដែល​ជិះ​ពីក្រោយ​ម៉ូតូ​សង់​២០១៥​ បាន​ស្លាប់ ​និង​អ្នក​ឌុប​ ហើយ​យុវជន​ដែល​មក​បុក​ក៏​រងរបួស​ធ្ងន់ធ្ងរ​ទៀត​ផង​។​

លោក​អធិការ​រង​បាន​បញ្ជាក់​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បង្កឡើង​ដោយ​ម៉ូតូ​សង់​២០១៥​បើក​បត់​ស្តាំ​អត់​មើល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu