សៀមរាប ៖ អាជ្ញាធរជាតិអប្សរាសហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោង PAAGERA(ប៉ាជឺរ៉ា)បាននិងកំពុងអនុវត្តសាកល្បងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ខ្នាតតូចមួយកន្លែង ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប នៃរមណីយដ្ឋានអង្គរ។
ប្រព័ន្ធចម្រោះទឹកនេះ ត្រូវបានអនុវត្តក្នុងបំណងលើកកម្ពស់សុខុមាលភាព អនាម័យរបស់ប្រជាជននិងកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី។
លោក ឡៃ ប៉ូទី បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងទឹកបានលើកឡើងថា គម្រោងនេះគឺជាប្រព័ន្ធសុវុឌ្ឍិកម្មទឹក ដែលប្រមូលទឹកកខ្វក់នៅតាមបង្គន់របស់ប្រជាជនយកទៅចម្រោះដោយប្រព័ន្ធស្វ័យប្រវត្តិ ព្រមទាំងធ្វើឲ្យប្រជាជនរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានការរស់នៅក្នុងភាពប្រសើរ និងស្អាតជាងពេលមុន។ ក្នុងជំហានសាកល្បង គម្រោងនេះ បានធ្វើការតភ្ជាប់ប្រព័ន្ធចម្រោះជាបណ្តាញតាមបង្គន់អនាម័យរបស់ប្រជាជនចំនួន២៨ខ្នងផ្ទះ ដោយប្រើពេលចំនួនបីខែ និងគ្រោងបញ្ចប់នៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។
អ្នកស្រី ទេព ព្រឿន ជាអ្នកភូមិដែលទទួលបានការ ត បណ្ដាញ ចម្រុះទឹកកខ្វក់បានលើកឡើងថាបង្គន់អនាម័យរបស់គាត់បានកសាងឡើងជាង១០ឆ្នាំមុន តែពុំដែលបានរៀបចំឲ្យមានប្រព័ន្ធចម្រោះនោះទេ ដូច្នេះទឹកកខ្វក់ និងមេរោគ គឺមាននៅជុំវិញទីនោះ។
អ្នកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន ជាពិសេសការបណ្តុះបណ្តាលដល់ប្រជាជនឲ្យចេះរស់នៅស្អាត និងមានអនាម័យ ដើម្បីកាត់បន្ថយនូវប្រភពមេរោគ និងជំងឺទាំងឡាយដែលអាចកើតមាន។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់បងប្អូនរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដូចជា អនុញ្ញាតឲ្យមានការជួសជុលកែលំអផ្ទះ បង្គន់អនាម័យ និងកសាងផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ផ្សេងៗ ដើម្បីលើកកម្ពស់ស្ថានភាពរស់នៅឲ្យកាន់តែល្អប្រសើរ និងមានចំណូលកាន់តែខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments