ប្រជាជនអូស្ដ្រាលី បានធ្វើការលាជាលើកចុងក្រោយចំពោះនិស្សិតអ៊ីស្រាអែលឈ្មោះ Aya Maasarwe នៅក្នុងពិធីអធិស្ឋាននិងពិធីតាមបែបសាសនាខណៈដែលឪពុករបស់នាងត្រៀមវិលត្រឡប់ទៅផ្ទះវិញជាមួយសាកសពរបស់នាងនៅថ្ងៃអង្គារ, មួយសប្តាហ៍ បន្ទាប់ពីនាងត្រូវបានគេចាប់រំលោភនិងសម្លាប់។
សាកសពនិស្សិតវ័យ២១ឆ្នាំរូបនេះត្រូវបានប្រទះឃើញដោយអ្នកដំណើរនៅក្បែរចំណតរថភ្លើងអគ្គិសនីមួយក្នុងទីក្រុងមែលប៊នដែលជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសអូស្ត្រាលីនៅព្រឹកថ្ងៃពុធប៉ុន្មានម៉ោងបន្ទាប់ពីនាងត្រូវបានវាយប្រហារខណៈពេលកំពុងធ្វើដំណើរមកផ្ទះ។
ករណីឃាតកម្មរបស់នាង Aya Maasarwe បានធ្វើឲ្យប្រជាជនអូស្ត្រាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានបណ្ដាលឲ្យមានទុក្ខសោកដ៏ធំសម្បើមដោយមនុស្សរាប់ពាន់នាក់បានចូលរួមការប្រមូលផ្តុំដើម្បីរម្លឹកដល់នាងហើយបានលើកឡើងជាសំណួរអំពីសុវត្ថិភាពរបស់ស្ត្រីនៅតាមដងផ្លូវសាធារណៈ។
លោក Codey Herrmann អាយុ២០ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងឃាតកម្មហើយត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរង់ចាំសវនាការមួយទៀតនៅថ្ងៃទី៧ខែមិថុនា។
ឪពុករបស់នាងឈ្មោះ Saeed Maasarwe ដែលបានជិះយន្ដហោះទៅទីក្រុងមែលប៊នក្រោយពីដឹងអំពីការស្លាប់របស់កូនស្រីគាត់បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងត្រូវបានលួងលោមដោយការគាំទ្រយ៉ាងខ្លាំងក្លា។
លោក Maasarwe បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “នេះគឺជាសារដែលយើងចង់បញ្ជូន យើងចង់ធ្វើឲ្យពិភពលោកកាន់តែមានសន្តិភាពនិងមានសុវត្ថិភាពហើយកាន់តែស្រស់ស្អាតនិងមានស្នាមញញឹមថែមទៀតហើយថែមទាំងអត់ឱនឲ្យគ្នាទៅវិញទៅមកផងដែរ”។
គាត់និយាយថា “វាមិនមែនមកពីខ្ញុំទេ នេះគឺ Aya។ ខ្ញុំនិយាយនៅក្នុងសំឡេងរបស់ខ្ញុំប៉ុន្តែនេះជាចិត្តរបស់ Aya”។ គាត់បានបន្ថែមថា គាត់ប្រាថ្នាឲ្យមនុស្សមើលឃើញពន្លឺនៅក្នុងទីងងឹតហើយមិនស្ថិតនៅក្នុងទីងងឹតទេ”។
គួរបញ្ជាក់ថា ព័ត៌មានលម្អិតនៃការវាយប្រហារនេះត្រូវបានរក្សាទុកដោយតុលាការតាមការស្នើសុំរបស់ព្រះរាជអាជ្ញាខណៈដែលគ្រួសាររបស់នាង Maasarwe មិនទាន់ត្រូវបានគេប្រាប់នៅឡើយទេចំពេលមានរបាយការណ៍អំពីព័ត៌មានសាហាវព្រៃផ្សៃ៕ AFP
Source: Kampuchea Thmey Daily
0 Comments