ប្រទេសបារាំងនិងអាល្លឺម៉ង់ នឹងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពថ្មីមួយនៅថ្ងៃអង្គារដើម្បីស្វែងរកការជំរុញសម្ព័ន្ធភាពមួយ ខណៈចក្រភពអង់គ្លេសត្រៀមចាកចេញពីសហភាពអឺរ៉ុបនិងស្របពេលភាពជាតិនិយមកំពុងកើនឡើងនៅជុំវិញទ្វីបនេះ។
លោកប្រធានាធិបតី Emmanuel Macron និងលោកស្រីអធិការបតី Angela Merkel នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែលសន្យាធ្វើឲ្យចំណងទាក់ទងខាងសេដ្ឋកិច្ចនិងការពារជាតិកាន់តែមានភាពជ្រាលជ្រៅព្រមទាំងការប្តេជ្ញាចិត្តចំពោះសហភាពអឺរ៉ុបផងដែរ។ កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខានៅក្នុងទីក្រុង Aachen របស់ប្រទេសអាល្លឺម៉ង់។
ការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា វាគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ការបង្ហាញថា ទំនាក់ទំនងគឺជាគ្រឹះមួយដែលអាចចាប់ផ្តើមឡើងវិញដោយខ្លួនឯងបានដើម្បីពង្រឹងដល់គម្រោងរបស់អឺរ៉ុប។
លោកស្រី Merkel និងលោក Macron នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពិធីរំឭកខួបនៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការបារាំង - អាល្លឺម៉ង់ឆ្នាំ១៩៦៣ដោយលោក Charles de Gaulle របស់បារាំងនិងអធិការបតីអាល្លឺម៉ង់នៅពេលនោះគឺលោក Konrad Adenauer។
សន្ធិសញ្ញាថ្មីនេះមានគោលបំណងបង្កើតទំនាក់ទំនងដែលត្រូវបានគេស្គាល់ថាជា “ចលករបារាំង - អាល្លឺម៉ង់” ដែលត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធភាពគន្លឹះនៅក្នុងទ្វីបអឺរ៉ុបរវាងមហាអំណាចសេដ្ឋកិច្ចនិងនយោបាយទាំងពីរ។
លោក Macron ដែលឡើងកាន់អំណាចនៅខែឧសភាឆ្នាំ២០១៧គឺបានស្វែងរកការគាំទ្រពីលោកស្រី Merkel សម្រាប់កំណែទម្រង់សំខាន់ៗរបស់សហភាពអឺរ៉ុបក្នុងគោលបំណងដើម្បីស្ដារឡើងវិញនូវជំនឿលើស្ថាប័នរបស់ខ្លួននិងទប់ស្កាត់ការកើនឡើងនូវលទ្ធិប្រជានិយម។
សន្ធិសញ្ញានេះបានធ្វើឲ្យប្រទេសបារាំងនិងអាល្លឺម៉ង់មានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរួមទាំងលទ្ធភាពនៃការដាក់ពង្រាយរួមគ្នាផងដែរក្នុងករណីមានការវាយប្រហារភេរវកម្ម។
ប្រទេសទាំងពីរក៏អាចសហការគ្នាយ៉ាងជិតស្និទ្ធផងដែរលើលទ្ធកម្មដូចជាការទិញឬការអភិវឌ្ឍរថក្រោះឬយន្ដហោះចម្បាំងថ្មី៕ AFP
Source: Kampuchea Thmey Daily
0 Comments