Ad Code

ដោយសារ​តែ​បើកបរ​លឿន​ជិតៗ​គ្នា​ពេក រថយន្ត​៦​គ្រឿង ​បាន​បុក​គូថ​បន្ត​គ្នា​ នៅ​លើ​ផ្លូវជាតិ​លេខ​៥



កំពង់ឆ្នាំង ៖ រថយន្ត​ចំនួន​៦​គ្រឿង បាន​រង​ការខូចខាត​ធ្ងន់​ និង​ស្រាល ដោយសារ​បើក​លឿន​ជិត​ៗ​គ្នា​ពេក ​ក៏​បុក​គូថ​បន្ត​កន្ទុយ​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​៥ ខណៈ​ដែល​រថយន្ត​ខាងមុខ​គេ​បាន ជួប​នឹង​ឧបសគ្គ បាន​ជាន់​ហ្វ្រាំង​ឈប់​ដោយ​បង្ខំ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩ លើ​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​ភូមិ​ស្ពក​រាជ្យ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ មិន​មាន​អ្នកណា​រង​របួស​ឡើយ គឺ​ខូចខាត​រថយន្ត​ស្រាល និង​ធ្ងន់​តែ​ប៉ុណ្ណោះ។ ​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា រថយន្ត​អាច​ច្រើនជាង​៦​គ្រឿង ដែល​ជួប​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បាន​បុក​បន្ត​កន្ទុយ​គ្នា ហើយ​រថយន្ត​ខ្លះ ​ក្រោយ​កើតហេតុ ដោយ​រង​ការខូចខាត​តិចតួច ក៏បាន​ចាកចេញ ពី​កន្លែងកើតហេតុ មុនពេល​សមត្ថកិច្ច​នគរបាល​មកដល់ ពិសេស​រថយន្ត​ដែល​មិន​ស្គាល់​ម៉ាក​នៅមុខ​គេ​បង្អស់​ជា​អ្នក​បង្ក​ហេតុ។

សមត្ថកិច្ច​បាន​បន្តថា តាម​ការពិនិត្យ​ជាក់ស្ដែង រថយន្ត​ដែល​នៅសល់ ក្នុង​កន្លែងកើតហេតុ មាន​ចំនួន​៦​គ្រឿង​ គឺ ១-​រថយន្ត ប្រភេទ mini ម៉ាក Mira ពាក់​ស្លាក​លេខ បាត់ដំបង 2A.6312 បាន​រង​ការ​ខូចខាត​បន្តិចបន្តួច​នៅ​ផ្នែក​ខាងក្រោយ , ២-​រថយន្ត​ទូ​រី​ស ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF.2243 បាន​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​តិចតួច ,៣-រថយន្ត​កាមរី​គូថ​ប៉ោង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ឆ 6414 ភព​.2 បាន​រង​ការខូចខាត​ធ្ងន់​ផ្នែក​ខាងមុខ , ៤​-រថយន្ត ម៉ាក ISUZU ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP. 0507 បាន​រង​ការខូចខាត​ស្រាល,៥​-រថយន្ត​ម៉ាក ស្តា​រិច ពាក់​ស្លាក​លេខ បន្ទាយ​មានជ័យ 2B.5353 រង​ការខូចខាត​ស្រាល​ផ្នែក​ខាងមុខ និង ៦​-រថយន្ត​ម៉ាក​ហាយ​ឡិន​​ឌឺ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ.0929 បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​ជាងគេ។

ករណី​គ្រោះថ្នាក់​នេះ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅដល់​ ​ធ្វើ​ការសម្រួល​ចរាចរណ៍ ធូរ​ស្រាល ចំណែក​ភាគី​រថយន្ត​ដែល​បាន​សម្រួល​គ្នា មាន​រថយន្ត​ពីរ​គ្រឿង គឺ​រថយន្ត Mira និង​រថយន្ត​ទូ​រីស ដែល​នៅ​ផ្នែក​ខាងមុខ ដោយមាន​ការខូចខាត​តិចតួច​ខ្ជិល​វែងឆ្ងាយ ក៏បាន​បើក​ចេញទៅ គឺ​នៅ​សល់​រថយន្ត​ចំនួន​៤​គ្រឿង ក្នុងនោះ​មាន​២​គ្រឿង​ខូចខាត​ខ្លាំង បាន​ជជែក​តថ្លៃ​គ្នា រឿង​ចេញ​សំណង ដែល​ម្នាក់ៗ​ តឹង​សរសៃ ​ក ដណ្តើមយក​ត្រូវ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​រយៈ​ជាង​មួយ​ម៉ោង មិនត្រូវ​គ្នា​សមត្ថកិច្ច​ក៏បាន​រៀបចំ​យក​រថយន្ត​ទាំង​២​នោះមក​កន្លែង ទើប​ការជជែក​ត្រូវ​គ្នា​ហើយ​ក៏​បើក​ចេញ​រៀង​ៗ​ខ្លួន​ទៅ គឺ​នៅសល់តែ​រថយន្ត​ហាយ​ឡិន​ឌ័​រ​១​គ្រឿង​ខូច​ធ្ងន់​តែប៉ុណ្ណោះ ដែល​ត្រូវការ​សណ្តោង ដោយសារ​បែក​ធុងទឹក។ .​ ​

សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បណ្ដាល​មកពី​ការ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ដោយ​បើកបរ​លឿន​និង​ជិតៗ​គ្នា​ពេក លុះ​រថយន្ត​ខាងមុខ​មាន​ឧបសគ្គ បាន​ជាន់​ឈប់​ហ្វ្រាំង​ ដោយ​បង្ខំ ធ្វើ​ឲ្យ​រថយន្ត​ខាងក្រោយ ដែល​នៅ​ជិតៗ​គ្នា ក៏​ជ្រុល​បុក​គូថ​បន្ត​គ្នា​តែម្ដង​ទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu