ភ្នំពេញ ៖ ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ៤៦៨ នាក់ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។
តំណាងសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សាក្នុងប្រទេសចិនបានឲ្យដឹងថា រហូតមកដល់ពេលនេះមាននិស្សិតកម្ពុជាដែលកំពុងសិក្សាតាម បណ្តាទីក្រុងខេត្តទាំង ២០ របស់ប្រទេសចិនមានចំនួនជាង១.៦៤៤នាក់។ តំណាងសមាគមបានបញ្ជាក់បន្ថែមថា និស្សិតទាំងអស់ដែល មានវត្តមានក្នុងពិធីសំណេះសំណាលនេះ គឺពិតជាមានភ័ព្វវាសនាខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច បើទោះបី ជារូបសម្តេចមានការងារមមាញឹកក្តី ។
នៅចំពោះមុខនិស្សិតទាំងអស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍វាយតម្លៃខ្ពស់និងកោតសរសើរចំពោះនិស្សិតទាំងអស់ដែល មានស្មារតីស្រឡាញ់ សាមគ្គីគ្នា និង ចេះជួយគ្នាទៅវិញទៅមក ខណៈដែលក្មួយៗកំពុងសិក្សានៅក្នុងប្រទេសចិន ។
សម្តេចមានប្រសាសន៍គាំទ្រចំពោះការលើកឡើងពីតំណាងនិស្សិតដែរថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមានគឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ខ្លាំងណាស់ ចំពោះក្មួយៗទាំងអស់ ដែលបានធ្វើដំណើរចាកចេញពីមាតុភូមិទៅបន្តការសិក្សា ចាកចោលផ្ទះសំបែងនិងមាតុប្រទេស។ ជាមួយនឹងការ ថ្លែងនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសចិននៅពេលនេះ សម្តេចនឹងជួបចរចាជាមួយភាគីចិនទាំងអស់ក្នុងការកៀរគររកកម្ចីសម្បទាន ក្នុងការតបណ្តាញចែកចាយអគ្គិសនីឲ្យបានគ្រប់ដណ្តាប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីកាន់តែចុះថោកនៅបណ្តាឆ្នាំខាងមុខៗសំដៅបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំដល់និស្សិតទាំងអស់បន្តតាមដានពីការវិវត្តន៍នៃសភាពការណ៍សកលលោក។ សម្តេចបន្តថា បើទោះបីមានប្រទេសមួយចំនួនរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច ឬ សង្គ្រាមពាណិជ្ជកម្មក្តីគឺយើងមិនត្រូវអោយកើតមានឡើងក្នុងប្រទេសកម្ពុជានោះទេពោលគឺយើងត្រូវខិតខំថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីជំរុញកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត។ ជាមួយនឹងការថ្លែងនោះ ដែរសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ពីចក្ខុវិស័យនៃការបន្តបញ្ចុះតម្លៃអគ្គិសនីបន្តទៀតនៅឆ្នាំ២០២១ដើម្បីឲ្យតម្លៃអគ្គិសនីកាន់តែចុះថោក ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែជាកត្តាយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ហើយសម្តេចនៅតែចាប់ដៃគូជាមួយចិនក្នុងការបណ្តុះបណ្តាលធនធានមនុស្សជួយដល់ប្រទេសកម្ពុជាក្នុងន័យនេះសម្តេចនឹងបន្តចរចាជាមួយភាគីចិនដើម្បីបន្តជួយ បណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាសម្រាប់រយៈពេលវែងតទៅមុខទៀត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ថា ការជួយរបស់ចិនដល់កម្ពុជាគឺដើម្បីភាពរីកចម្រើនខាងសេដ្ឋកិច្ចពិសេសគឺដើម្បីពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា ដើម្បីបញ្ចៀសពីការប៉ុនប៉ងផ្តួលរំលំពីសំណាក់បរទេសមួយចំនួនដែលមានមហិច្ឆតាផ្តួលរំលំលើគ្រប់រូបភាពទាំងអស់។
សម្តេចតេជោមានប្រសាសន៍លើកឡើងដែរថា គ្រាន់តែចិនវិនិយោគនៅខេត្តព្រះសីហនុ ឬ កន្លែងដទៃគេថារាជរដ្ឋាភិបាលកាត់ដីអោយចិន ខណៈដែលខ្លួន មិនបានជួយអ្វីសោះដល់កម្ពុជា។ សម្តេចតេជោបន្តថា លើសកលលោកកំពុងតែធ្វើការទាក់ទាញអ្នកទេសចរចិនខ្លាំងណាស់រាប់ទាំងប្រទេសជិតខាងកម្ពុជាក៏កំពុងតែមានការទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគទុនចិនផងដែរ ។
ជាមួយនឹងការថ្លែងនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងដែរថាការតាក់តែងក្រមប្រតិបត្តិសមុទ្រខាងត្បូង(COC) គ្រោងនឹង បញ្ចប់ក្នុងរយៈពេលប្រមាណ ៣ ឆ្នាំខាងមុខ ដែលជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិននៅចំពោះមុខមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅសិង្ហបុរីកាលពីពេលកន្លងមក។
សម្តេចតេជោក៏បានអំពាវនាវដល់និស្សិតកម្ពុជាទាំងអស់ដែលសិក្សានៅក្នុងប្រទេសចិនក្នុងនោះទី១. ត្រូវខិតខំគោរពច្បាប់និងវិន័យរបស់ប្រទេសចិន ទី២.ខិតខំជួយយកអាសាគ្នាទៅវិញទៅមក និង ទី៣.ខិតខំសិក្សានិងក្តោបឱកាសនៃការសិក្សាអោយកាន់តែរីកចម្រើនថែមទៀត។
នៅក្នុងឱកាសនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញក្តីរីករាយខ្លាំងណាស់ដែលបានជួបសំណេះសំណាលជាមួយក្មួយនិស្សិត ដោយផ្ទាល់នៅទី នេះ។ សម្តេចតេជោបានកោតសរសើរចំពោះនិស្សិតដែលបានខិតខំសិក្សារៀនសូត្រព្រមទាំងបានបង្កើតជាសមាគមនិស្សិតដើម្បីជួយទំនុកបម្រុងគាំ ទ្រគ្នាទៅវិញទៅមក។
ដោយបានមើលឃើញអំពីសេចក្តីត្រូវការចាំបាច់របស់ក្មួយៗនិស្សិតសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់ និស្សិតផ្ទាល់និងបានជួយដល់សមាគមនិស្សិតដែលកំពុងសិក្សានៅប្រទេសចិនចំនួន ៣ ម៉ឺនដុល្លារថែមទៀតបូកនឹងប្រាក់ឧបត្ថម្ភតាមរយៈសភាពាណិជ្ជកម្មកម្ពុជាដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មចំនួន ៥ ម៉ឺនដុល្លារ និង ថវិការបស់ថ្នាក់ដឹកនាំមួយចំនួនទៀតចំនួន ១ ម៉ឺនដុល្លារដើម្បីទំនុកបម្រុងសមាគមនិស្សិតនៅប្រទេសចិនអោយមានលទ្ធភាពបន្តកិច្ចការរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments